ក្រសួងសុខាភិបាលនៅថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២៣នេះបានសម្រេចបញ្ឈប់សកម្មភាពព្យាបាលជំងឺមិនប្រក្រតី និងលក់ឱសថបុរាណ ដោយគ្មានច្បាប់អនុញ្ញាតរបស់លោក ស៊ូ សេងហ៊ួរ។

 តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃទី២៤ខែកញ្ញានេះ ក្រសួងសុខាភិបាល បានបញ្ជាក់ថា កន្លងមកនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង នៃក្រសួង សុខាភិបាល និងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានចុះទៅ ធ្វើការអប់រំ និងផាកពិន័យលោក ស៊ូ សេងហួរ ចំពោះករណីផ្សព្វផ្សាយការព្យាបាលជំងឺ ចែកចាយ និង លក់ឱសថបុរាណដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល និងបើក ទីតាំងអគារឱសថបុរាណថ្មីដោយគ្មានច្បាប់ អនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ ចំនួន២ ដង រួចមកហើយ នៅខែមីនា និងខែឧសភា ឆ្នាំ២០២៣។

ទោះបីជាធ្លាប់បានសន្យាថាបញ្ឈប់ការធ្វើសកម្មភាពខុសច្បាប់ ក៏លោក ស៊ូ សេងហួរ នៅតែបន្តផ្សព្វផ្សាយ តាមបណ្តាញសង្គមហ្វេសប៊ុកនូវការព្យាបាលជំងឺមិនប្រក្រតី និងលក់ឱសថបុរាណដោយគ្មានច្បាប់អនុញ្ញាតពីក្រសួង សុខាភិបាល។ បើតាមក្រសួងសុខភិបាល ដោយសង្កេតឃើញនូវសកម្មភាពទាំងនេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានសហការ ជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីចុះទៅបិទ បញ្ឈប់ សកម្មភាពខុសច្បាប់ និងណែនាំលោក ស៊ូ សេងហួរ ឱ្យលុបវីដេអូ ផ្សព្វផ្សាយការព្យាបាល ជំងឺ ប្រាស់ចាកការពិតទាំងអស់ចេញពីបណ្ដាញសង្គមហ្វេសប៊ុកជាបន្ទាន់។

ក្នុងនោះដែរ ក្រសួងសុខាភិបាលបានរំលឹកឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្ន ក្នុងការសម្រេចចិត្តទទួលការព្យាបាលដោយមន្ដអាគម ឬឱសថ បូរាណដែលខុសច្បាប់ និងកុំជឿការឃោសនាភូតកុហកបោកប្រាស់ទាំងនោះ តាមបណ្តាញសង្គម គ្លីបវីដេអូ ឬការ ផ្សព្វផ្សាយតៗគ្នា ដែលនាំឱ្យខាតបង់ប្រាក់ ពេលវេលា ប៉ះពាល់ដល់សុខភាព និងអាចបណ្តាលឱ្យគ្រោះថ្នាក់ដល់ អាយុជីវិតជាយថាហេតុ៕

Share.