Paing Takhon គឺជាតារាចម្រៀង តារាសម្ដែងនិងជាតារាម៉ូដែលល្បីនិងមានប្រជាប្រិយភាពមួយរូបរបស់ប្រទេសមីយ៉ាន់ម៉ា លោកគឺជាអ្នកគាំទ្រក្រុមប្រឆាំងរដ្ឋប្រហារយោធានៅថ្ងៃព្រហស្បតិ៍នេះត្រូវបានចាប់ខ្លួនហើយ នេះបើតាមការបញ្ជាក់ពីបងស្រីរបស់លោក ខណៈមានតារាជាង១០០នាក់ទៀតកំពុងត្រូវបានក្រុមយោធាតាមប្រមាញ់។

បន្ទាប់ពីក្រុមយោធាក្ដោបក្ដាប់អំណាចកាលពីថ្ងៃទី០១ ខែ កុម្ភៈ ឆ្នាំ២០២១ មានមនុស្សច្រើនជាង២៥០០នាក់ត្រូវបានចាប់ខ្លួន។ Paing Takhon តារាសម្ដែងវ័យ២៤ឆ្នាំដែលជាតារាមានឈ្មោះបោះសំឡេងទាំងក្នុងប្រទេសមីយ៉ាន់ម៉ានិងប្រទេសភូមិផងរបងជាមួយថៃ គឺជាសកម្មជនដ៏សកម្មមួយរូបក្នុងការប្រឆាំងចំពោះរបបយោធាទាំងដោយផ្ទាល់និងតាមរយៈបណ្ដាញសង្គម។ លោក Paing Takhon ត្រូវបានទាហាន៥០នាក់ជិះរថយន្ត៨គ្រឿងមកចាប់ខ្លួនលោកដល់ក្នុងផ្ទះម្ដាយរបស់លោកតំបន់ភាគខាងជើង Dagon កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ។
បងស្រីតារាល្បី Thi Thi បានផុសលើបណ្ដាញសង្គមរបស់នាង។ បងស្រីរបស់លោកបានសរសេរថាដោយសារតែ Paing កំពុងឈឺធ្ងន់ដូច្នេះទាហានចាប់គេតាមសម្រួលមិនមានប្រើហិង្សាអ្វីនោះទេប៉ុន្តែក្រុមគ្រួសារមិនដឹងទេថា Paing នឹងត្រូវក្រុមយោធាយកទៅទីណានោះទេ។ Paing ខ្លួនឯងផ្ទាល់មុនពេលត្រូវបានចាប់ខ្លួនរូបគេបានបង្ហោះលើបណ្ដាញសង្គមរបស់ខ្លួនថាសុខភាពរបស់គេមិនល្អប៉ុន្មានថ្ងៃកន្លងមកហើយ។
សូមបញ្ជាក់ថា អាជ្ញាធរមីយ៉ាន់ម៉ាបានផ្សាយឈ្មោះតារាចំនួន១២០រូបបន្ថែមទៀតដែលកំពុងស្ថិតក្នុងការប្រមាញ់ពីបទចោទប្រកាន់ប្រឆាំងនឹងរបបយោធាហើយអ្នកទាំងនោះនឹងត្រូវជាប់ពន្ធនាគារចំនួន៣ឆ្នាំ៕