សិល្បៈ​ជាតិ​៖ សម្រាប់​អ្នក​សិល្បៈ មិន​ថា​ជា​តារា​ចម្រៀង​ តារា​សម្ដែង​ អ្វី​ដែលធ្វើ​ឱ្យ​ពួក​គាត់​​រីករាយ​បំផុត​នោះ​គឺទទួល​បាន​ប្រជាប្រិយភាព​និង​ការ​ស្រលាញ់​ចូលចិត្ត​ច្រើន​ពីមហាជន​ក៏​ដូច​ជា​​អ្នក​គាំទ្រ​ ហើយ​បើ​អ្នក​គាំទ្រ​នោះ​ជា​មនុស្ស​មាន​ឋានៈ បុណ្យ​សក្តិ និង​ជា​បុគ្គល​ខ្ពង់ខ្ពស់ ​ដែល​អ្នក​ផង​គោរព​ស្រលាញ់​ទៀត​នោះ​ គឺ​កាន់​តែ​មាន​​ក្ដី​រំំភើប​យ៉ាង​​ក្រៃលែង​ ឧទាហរណ៍​ដូច​ជា Kai ដែល​ត្រូវ​បាន​ ឯកឧត្តម​ឧត្តម​សេនីយ៍​ឯក  ហ៊ុន​​ ម៉ានិត ​មេ​បញ្ជាការ​រង​នៃ​បញ្ជាការ​ដ្ឋាន​កងទ័ព​ជើង​គោក​ និង​​អគ្គ​នាយក​នៃ​អគ្គនាយក​​ដ្ឋាន​ចារកិច្ច​នៃ​ក្រសួង​ការ​​ពារ​ជាតិ​​ បាន​ពោល​សរសើរ​និង​​​ចាត់​ទុក​ជា​ Idol របស់​ឯកឧត្តម។

នៅ​ក្នុង​ការ​បង្ហោះ​ថ្មី​មួយ​របស់​ឯកឧត្តម​ ហ៊ុន​ ម៉ានិត កាល​ពី​រាត្រី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា​ ឆ្នាំ​២០២៣ ឯកឧត្តម​បាន​ចែក​រំលែក​​រូប​ថត​ចំនួន​២​សន្លឹក​ ជាមួយ​នឹង​បុរស​សក់​វែង​ដ៏​ស្រស់​សង្ហា​ម្នាក់​ដែលអ្នក​ផង​ទូទៅ​ស្គាល់​ថា​ គឺ Kai ជា​តារា​​សម្ដែង​ និង​ជា​តារា​ចម្រៀង​ Original ម្ចាស់​បទចម្រៀង​មនោសញ្ចេតនា​​ស្នេហា ដ៏​លន្លង់លន្លោច​។​ ភ្ជាប់​ជាមួយ​នឹង​រូបថត​នោះ​ឯកឧត្តម​បាន​សរសេរ​រៀបរាប់​ថា​ «យប់នេះបានជួបIdolហើយ។ចង់ជួបយូរហើយដែរ។ច្រៀងពិសេសមែន» បន្ថែម​លើស​ពី​នោះ​​កូន​ប្រុស​ទីពីរ​របស់​សម្ដេច​តេជោ​ ហ៊ុន សែន​ បាន​លើក​ឡើង​ទៀត​ថា​៖ «មេធំ​(ប្រពន្ធ​)​សួរ​ថា​ម៉េច​បាន​និយាយ​ដូច​រំភើប​ម្ល៉េះ​?​ ខ្ញុំ​ ​ថា​ ​គាត់​ជា​ ​Idol​ ​ខ្ញុំ​។​» ​ក្រោយ​ពី​ឃើញ​ការ​លើក​សរសើរ​របស់​ខ្លួន​ពី​សំណាក់​ថ្នាក់​ដឹកនាំ​វ័យ​ក្មេង​មួយ​រូប​នៃ​ក្រសួង​ការពារជាតិ​ Kai បាន​ចូលមក​អរគុណ​នៅ​ពី​ខាង​ក្រោម​ការ​លើក​ឡើង​របស់​ឯកឧត្តម​ ​ហ៊ុន​ ម៉ានិត​ថា​៖ ​«រីករាយ​ដែល​បាន​ជួប​បង​ដូច​គ្នា​» ​ដោយ​ប្អូន​ប្រុស​របស់​សម្ដេច​ធិបតី​​បាន​​ឆ្លើយ​តប​វិញ​ថា​៖​ «​Kai Idol​»​។

​នៅ​ក្នុង​ចំណោម​អ្នក​ដែល​ចូល​មក​ ​បញ្ចេញ​មតិ​ នៅ​ពី​ក្រោម​ការ​លើក​ឡើង​របស់​ឯកឧត្តម​ ហ៊ុន​ ម៉ានិត ​គេ​សង្កេត​ឃើញ​មាន​លោក​ជំទាវ​ឧកញ៉ា នឹម វណ្ណៈ​​ ​ដែល​ជា​បុគ្គល​មាន​ឥទ្ធិពល​មួយ​រូប​នៅ​លើ​បណ្ដាញ​សង្គម​ ក៏​បាន​លើក​សរសើរ​ Kai ដែរ​ថា ៖ «He is a good Singer» ​ដែល​មាន​ខ្លឹម​សារ​ជា​ខេមរៈ​ភាសា​ថា​ «គាត់​ គឺជា​តារា​ចម្រៀង​ដ៏​ល្អ​ម្នាក់​»​។​

​សម្រាប់​​ Kai លោក​មាន​ឈ្មោះ​ដើម​កំណើតថា​ ទាន លៀន មាន​ស្រុក​កំណើត​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ​ តារា​ចម្រៀង​រូប​នេះ​មិន​ត្រឹម​តែ​​ជា​អ្នក​​ចម្រៀង​ Original នោះ​ទេ តែ​លោក​ក៏​បាន​ប្រឡូក​ក្នុង​វិស័យ​សម្ដែង​​ផង​ដែរ​ក្នុង​នោះ​មាន​ដូច​ជារឿង​ «ទេពធីតាព្កុលមាស» ចំណែក​បទ​ចម្រៀង​ Original វិញ​បទ​ល្បីៗ​របស់​លោក​ក៏​​មាន​ជា​ច្រើន​បទ​ដែរ​​ដូច​ជា​ ​«គេង»​ ​«ខ្យល់»​ ​និង​ «​ម៉ាស្ការ៉ា​ទឹក​ភ្នែក​»​ ជា​ដើម​៕

Share.