មួយ​រយៈ​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ Social Media អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​​ដ៏​លេច​ធ្លោ​មួយ​រូប​គឺ​ លោក ទូច​ សុខៈ​ ​បាន​​បង្ហាញ​សកម្មភាព​ច្រើន​ទៅ​លើ​​កសិដ្ឋាន​ចិញ្ចឹម​មាន់​និងត្រី​ ដែល​ធ្វើ​ឱ្យ​មហាជន​ផ្ដើម​មាន​ការ​សង្ស័យ​ថា​លោកថាអាច​នឹង​ដើរ​ចេញ​ពី​ទ្រនំ​ចាស់​ឈប់​ផ្សាយ​ព័ត៌មាន​លើ​កញ្ចក់​ទូរទស្សន៍​ជា​បន្ត​ទៀត​។​

តាម​ការ​សង្កេត​ពី​មជ្ឈដ្ឋាន​មហាជន​ដែល​ភាគ​ច្រើន​ជា​អ្នក​គាំទ្រ​ការ​អត្ថាធិប្បាយ​របស់​​ លោក​ ទូច សុខៈ​ ឃើញ​ថា​មួយ​រយៈ​នេះ​បុរស​ដែល​មាន​ភាព​លេចធ្លោ​ខ្លាំង​លើ​ការ​អត្ថាធិប្បាយព័ត៌មាន​​និង​ពន្យល់​បញ្ហា​ច្បាប់​បាន​យ៉ាង​ក្បោះ​ក្បាយ​​​ រូប​នេះ​ហាក់​មិន​មាន​សកម្មភាព​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ដូច​សព្វ​មួយ​ដង​នោះ​ឡើយ​ ប៉ុន្តែ​បែរ​ជា​ឃើញ​លោក​មាន​វត្តមាន​ច្រើន​​នៅ​ឯ​កសិដ្ឋាន​ចិញ្ចឹម​មាន់​​និង​ចិញ្ចឹម​ត្រី​របស់​លោក​ឯណោះ​វិញ​។​

យ៉ាង​ណា​មិញ​​​ការ​មន្ទិល​សង្ស័យ​របស់​មហាជន​​ កាន់​តែ​ច្បាស់​ថែម​ទៀត​នៅ​ពេល​ដែល​អ្នក​អត្ថាធិប្បាយ​រូប​នេះ​លោក​បាន​ចេញ​មក​ផុស​សំណេរ​ ​តាម​រយៈ​គណនី​ហ្វេសប៊ុក​របស់​លោក​​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០២១ កន្លង​ទៅ​ដែល​ក្នុង​អត្ថន័យ​នៃ​សំណេរ​នោះ​លោក​បាន​បង្ហាញ​ផ្លូវ​ដល់​អ្នក​គាំទ្រ​ថា​ លោក​​អាច​នឹង​លៃ​រក​ពេល​វេលា​សម​ស្រប​ណា​មួយ​ដើម្បី​ Live ផ្ដល់​ឱកាស​ដល់​បង​ប្អូន​ដែល​មាន​ចម្ងល់​ពាក់ព័ន្ធ​នឹង​បញ្ហា​ច្បាប់​៖

«ផ្ញេីជូនបងប្អូនដែលតែងផ្ញេីសារសួរនាំករណីផ្លូវច្បាប់! នាពេលខាងមុខនេះ​ ប្រហែលខ្ញុំអាចលៃពេល​ ដេីម្បី​ Live ទាំងតាម​ Page,​YouTube…ចែករំលែកចំណេះដឹងផ្លូវច្បាប់តាមករណីជាក់ស្ដែងរបស់បងប្អូន។ នៅពេលច្បាស់ការ​ ខ្ញុំនឹងជម្រាបជូនបន្ត។ សូមអរគុណចំពោះការគាំទ្រខ្ញុំ!»

ប្រសិន​បើ​ការ​សង្ស័យ​ខាង​លើ​គឺ​ជា​ការ​ពិត​ លោក​ ទូច សុខៈ ​ពិត​ជា​ចាក​ចេញ​ឈប់​ផ្សាយ​ព័ត៌មាន​មែននោះ គឺជា​រឿង​មួយ​គួរ​ឱ្យស្ដាយ​ជា​ទី​បំផុត​សម្រាប់​វិស័យ​ព័ត៌មាន​ ព្រោះលោក​គឺជា​អ្នក​អត្ថាធិប្បាយ​​មួយ​រូប​ដែល​មាន​វិជ្ជាជីវៈ​ ជាពិសេស​លោក​មាន​ចំណុច​ខ្លាំង​និង​ធ្វើ​ឱ្យ​មហាជន​ស្គាល់​​ ហើយ​ពេញ​និយម​ខ្លាំង​លើ​ការ​អត្ថាធិប្បាយ​របស់​លោក​ព្រោះ​តែ​លោក​ តែងតែ​ព្យាយាម​បញ្ជ្រាប​ពាក់ព័ន្ធ​នឹង​បង្ហាញ​ផ្លូវ​ច្បាប់​ទៅ​តាម​អង្គ​ហេតុ​និង​សាច់​រឿង​នីមួយៗ​ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​បាន​យល់​ដឹង​ច្រើន​ទៅ​លើ​ផ្លូវ​ច្បាប់​ រហូត​​ដល់​អាជ្ញាធរ​ក៏​ដូច​ជា​សមត្ថកិច្ច​មួយ​ចំនួន​ថែម​ទៀត​ផង​។

ជា​ការ​កត់​សម្គាល់​​​អ្នក​អត្ថាធិប្បាយ​រូប​នេះ​ទទួល​បាន​ស្រលាញ់​និង​គាំទ្រ​ច្រើនខ្លាំង​​ពី​មហាជន​ដែល​ទស្សនា​រូប​លោក​តាម​កញ្ចក់​ទូរទស្សន៍​ ព្រោះ​ជា​ទូទៅ​លោក​តែង​តែ​ឆ្លើយ​តប​ចំពោះ​ចម្ងល់​មហាជន​ដែលមាន​ជា​សំនួរ​មក​កាន់​លោក​ ដែល​នេះ​គឺ​ជាការ​ចែក​រំលែក​ចំណេះដឹង​​និង​​ផ្ដល់​នូវ​អត្ថប្រយោជន៍​ខ្លាំង​ចំពោះ​សាធារណជន​ទូទៅ​យក​មក​ពិនិត្យ​និង​សិក្សា​​។​​

ថ្វី​ត្បិត​តែ​មាន​​ការ​សង្ស័យ​ពី​​មហាជន​ចំពោះ​ការ​​ដើរ​ចេញ​ឈប់​ផ្សាយ​ព័ត៌មានរបស់​លោក​ ទូ​ច​ សុខៈ​ ក៏​ដូច​ជា​ការ​បង្ហោះ​ពី​សាមី​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​ចែក​រំលែក​​ចំណេះដឹង​ ក៏​ដូច​សំនួរ​ពាក់ព័ន្ធ​នឹង​បញ្ហា​ផ្លូវ​ច្បាប់​ ប៉ុន្តែ​រឿង​ពិត​យ៉ាង​ណា​នោះ​នៅ​មិន​អាច​សន្និដ្ឋាន​បាន​នៅ​ឡើយ​ទេ លុះ​ត្រា​តែ​មាន​ការ​អះអាង​ណាមួយ​ពី​លោក​​ ទូច​ សុខៈ​ ដោយ​ផ្ទាល់​។

តាម​ដឹង​​ លោក ​ទូច សុខៈ​ ​បាន​ចាប់​ផ្ដើម​អាជីព​ជា​អ្នក​សារព័ត៌មាន​ដំបូង​នៅ​មជ្ឈមណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ WMC ​បន្ទាប់​មក​ទៀត​លោក​បាន​ចូល​បំរើ​ការងារ ​ជា​និពន្ធនាយករង​នៅ​ក្រុមហ៊ុន​ Sabay Digital ក្រោយ​ពី​ឈប់​ពី​ក្រុមហ៊ុន​ Sabay លោកក៏​​បាន​ចូលបំរើ​ការងារ​នៅ​ក្នុង​ស្ថានីយ​ទូរទស្សន៍​ហង្សមាស​ ជា​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​​ចាប់​តាំង​ពី​ឆ្នាំ​ ២០១២ មក​ម្ល៉េះ៕

ទស្សនា​វីដេអូព័ត៌មាន​ លោក ទូច​ សុខៈ ខាង​ក្រោម​នេះ៖

Telegram-Troryorng


Share.