សិល្បៈ​ជាតិ​៖ តាម​ក្រសួងវប្បធម៌​និងវិចិត្រសិល្បៈ​បាន​ឱ្យ​ដឹង​ថា​ ក្រុម​យុវជន​ល្ខោន​ខោលកម្ពុជា​​ ត្រូវ​បាន​ទទួល​ការ​អញ្ជើញ​ឱ្យ​ចូល​រួម​សម្ដែង​នៅ​ក្នុង​កម្មវិធី International Mask Festival ដែលគ្រោងរៀបចំពីថ្ងៃទី១៧-១៨ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣​ នៅ​ទី​ក្រុង​សូឡូ ប្រទេស​ឥណ្ឌូណេស៊ី​។

ក្នុង​នោះ​ដែរ​ ក្រសួង​យល់​ឃើញ​ថា​ ធនធាន​មនុស្ស​នៃ​ក្រុម​សិល្បៈ​យុវជន​ល្ខោនខោល​កម្ពុជា​ គឺ​ពិតជា​សក្តិសម​នឹង​អាច​ចូល​រួម​កម្មវិធី​ខាងលើ​តំណាង​ឱ្យ​កម្ពុជា​ ស្រប​តាម​វត្ថុបំណង​នៃ​កម្មវិធី​នេះ​។ ហើយ​ភាគី​អញ្ជើញ​នឹង​រ៉ាប់រង​លើការស្នាក់នៅ ​ការហូបចុក​ និង​ការ​ធ្វើដំណើរ​ក្នុង​ស្រុក​ផងដែរ​។

ជាមួយគ្នា​នោះ​ ក្រុម​យុវជន​ល្ខោន​ខោល​កម្ពុជា​ បាន​បង្ហោះសារ​រៀបរាប់​ពី​ក្ដី​រំភើប​ថា ​៖

វត្តមាន​ ល្ខោនខោល​ លើ​ឆាក​អន្តរជាតិ​ យុវជន​ល្ខោន​ខោល​ ក្នុង​កម្មវិធី​ International Mask Festival ទីក្រុងសូឡូ ទេសឥណ្ឌូណេស៊ី នា​ខែ​វិច្ឆិកា​ ខាង​មុខ​នេះ​ ។ យើងខ្ញុំសូមគោរពថ្លែងអំណរគុណ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែល​បាន​ផ្តល់​ឱកាសដ៏វិសេសវិសាលនេះឱ្យ យុវជនល្ខោនខោលកម្ពុជា បានបញ្ចេញស្នាដៃលើឆាកអន្តរជាតិ ដើម្បីបង្ហាញពីសិល្បៈល្ខោនខោលដ៏អស្ចារ្យរបស់កម្ពុជា។ សូមគោរពថ្លែងអំណរគុណចំពោះ លោកជំទាវបណ្ឌិសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានឧបត្ថម្ភការធ្វើដំណើរពី ភ្នំពេញ-សូឡូ-ភ្នំពេញ។ សូមគោរពថ្លែងអំណរគុណចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដែលបាន ឧបត្ថម្ភផ្នែកសម្លៀកបំពាក់ និងថតភ្លេង នូវទឹកប្រាក់ចំនួន ១.២០០.០០០រៀល ។ សូមគោរពថ្លែងអំណរគុណ ឯកឧត្តម សរ សុពុត្រា ប្រធានកិត្តិយសយុវជនល្ខោនខោលកម្ពុជា ដែលបានឧបត្ថម្ភសិល្បករចំនួន ៦រូប ក្នុងម្នាក់ចំនួន ៤០០.០០០រៀល។ យើងខ្ញុំប្តេជ្ញា នឹងធ្វើឱ្យបានល្អអស់ពីសមត្ថភាពដើម្បីបង្ហាញអន្តរជាតិថា ល្ខោនខោលខ្មែរអស្ចារ្យ និងជាពិសេសគឺយុវជនរបស់កម្ពុជា មានសមត្ថភាព និងស្មើមុខស្មើមាត់លើឆាកអន្តរជាតិ ក្នុងកិច្ចថែរក្សា ការពារ និងផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិ។ យុវជនល្ខោនខោលកម្ពុជា។

Share.