សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ករណីយកប៉័ងតោទៅកាប់លើបុរសម្នាក់ដែលកំពុង អង្គុយមើលគេលេងបាល់ដោយសារតែខឹងរឿងជេរប្រមាថ។
ហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២៣នៅចំណុច តារាងបាល់ទះ ភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ អុន ឆៃរ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។ជនរងគ្រោះបានរងរបួសលើក្បាលផ្នែកខាងក្រោយ ០១កន្លែង ។
ចំណែកជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនមានឈ្មោះ រឺន អ៊ីយីង ភេទប្រុស អាយុ៣២ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

យោងតាមកំណត់ហេតុពីសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី២៨.០៩.២០២៣ វេលាម៉ោង ១៦:១៥នាទីជនសង្ស័យបានជិះកង់ចេញពីផ្ទះរបស់ខ្លួននៅភូមិចំបក់មាស សង្កាត់ បាក់ខែង ដោយមានដាក់កាំបិតប៉័ងតោ នៅក្នុងហោប៉ៅ គោលបំណងមកលេងបងប្អូន នៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ពេលជិះមកដល់ចំណុចតារាងបាល់ទះភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ក៏បានឃើញជនរងគ្រោះកំពុងអង្គុយមើលគេលេងបាល់ទះ ពេលនោះ ជនសង្ស័យ ក៏នឹកឃើញជនរងគ្រោះធ្លាប់និយាយប្រមាថមើលងាយប្រពន្ធរបស់ខ្លួន ជនសង្ស័យក៏ឈប់កង់ ហើយដកយកកាំបិតបុ័ងតោចេញពីក្នុងហោប៉ៅខោ ទៅកាប់ក្បាល ជនរងគ្រោះពីក្រោយ បណ្ដាលឱ្យមានរបួសស្នាមហូឈាម រួចជនសង្ស័យ បានកាន់កាំបិត ប៉័ងតោរត់គេចខ្លួន ក្នុងពេលនោះសាច់ញាតិរបស់ជនរងគ្រោះ បានទូរស័ព្ទ រាយការណ៍ ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ។ ក្រោយពីទទួលបានព័ត៌មានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ បានចុះ ទៅ ដល់កន្លែងកើតហេតុ ហើយតាមស្វែងរកជនសង្ស័យ ឃាត់ខ្លួនយកមកសាកសួរតែម្ដង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានធ្វើសកម្មភាព យកកាំបិតប៉័ងតោ កាប់ទៅលើជនរងគ្រោះពិតប្រាកដមែន។
ក្រោយការចាប់ខ្លួន ជនសង្ស័យត្រូវបាននាំទៅអធិការដ្ឋាននគរបាលស្រុកមុខកំពូលដើម្បី កសាងសំណុំរឿងចាត់បន្តទៅតាមនីតិវិធី៕

អត្ថបទ៖តាខ្មៅ