ភ្នំពេញ ៖ ផ្ទះឈើមួយខ្នងត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង ផ្តើមចេញពីដុតធូប អុជទៀន សៀនព្រះខែ ស្លាប់ទាំងម្ចាស់ ខណៈដែលកំពុងដេកលង់លក់ចុះចេញមិនទាន់ ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នៅភូមិតឹក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ម្ចាស់ផ្ទះបានស្លាប់មានឈ្មោះ ឡាច សាម៉ុន ភេទ ប្រុស អាយុ៦ ៥ឆ្នាំ ជាមន្រ្តី យោធា ចូល និវត្តន៍ រស់នៅផ្ទះកើតហេតុ សង់អំពីឈើប្រក់ក្បឿង ថ្មាខាងក្រោម ទំហំ៥ម៉ែត្រx៦ម៉ែត្រ ត្រូវបានភ្លើងឆេះអស់ទាំងស្រុង ។
តាមប្រភពបានឱ្យដឹងថា គ្រួសារខាងលើមានកូនស្រី៤នាក់ មាន២នាក់រស់នៅផ្ទះផ្សេង នៅផ្ទះកើតហេតុ តែគ្នា៤នាក់ ឳពុកម្តាយ និងកូនស្រី២នាក់ ។

ប្រភពបន្តទៀតថា មុនកើតហេតុ ប្រពន្ធរបស់សព និងកូនស្រីម្នាក់ មិននៅផ្ទះ ដោយជាប់រវល់ទៅមើលកូននៅមន្ទីរពេទ្យ ដោយនៅចាំផ្ទះតែជនរងគ្រោះជាឪពុក និងកូនស្រីម្នាក់ ឈ្មោះ សាម៉ុន លក្ខិណា ហៅ ស្រីអៀង អាយុ ២០ឆ្នាំ ហើយនៅខាងលើផ្ទះជនរងគ្រោះក៏មានរៀបចំដុតធូប អុជទៀនសែនព្រះខែ សែនកុងម៉ាផងដែរ លុះដល់វេលាម៉ោងខាងលើ ខណៈដែលឪពុកកូនកំពុងដេកលង់លក់ ស្រាប់តែភ្លើងឆាបឆេះចេញពីកន្លែងកុងម៉ា ដែលសង្ស័យដួលរលំភ្លើងទៀន បង្កជាអគ្គិភ័យឆាបឆេះសន្ធោសន្ធៅឡើង ធ្វើឱ្យជនរងគ្រោះចុះពីលើផ្ទះមិនទាន់ បានស្លាប់ក្នុងភ្នក់ភ្លើង ចំណែកកូនស្រីម្នាក់នៅដេកសម្រាកខាងក្រោម បានរត់ចេញរួច ។

គ្រោះអគ្គិភ័យកើតឡើងភ្លាមៗត្រូវបានសមត្ថកិច្ច អាជ្ញាធរ រថយន្តពន្លត់អគ្គិភ័យចំនួន៩គ្រឿងចេញទៅអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើង ។ សពជនរងគ្រោះ ក្រោយពីសមត្ថកិច្ច ពិនិត្យកោសល្យវិច័យរួច ក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី នៅកន្លែងកើតហេតុ ៕




អត្ថបទ៖តាតុងសែនជ័យ