សិល្បៈជាតិ៖ ដូច​មហាជន​បានដឹង​ខ្លះ​ហើយ​ថា ពិធីបុណ្យ​ភ្ជុំបិណ្ឌ ក្រៅ​ជា​ពិធី​បែប​សាសនា ទំនុកបម្រុង​ស្បៀង​ចង្ហាន់​ដល់​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​ហើយ​នោះ ពិ​ធិ​បុណ្យ​នេះ ក៏​បង្ហាញ​ពី​គោលបំណង​នៃ​ការ​សាមគ្គីភាព​ជាតិ​មហា​គ្រួសារ​ខ្មែរ​ផងដែរ។

ប្រជាពលរដ្ឋ​ខ្មែរ​នៅតាម​ភូមិ​ស្រុក រមែង​មកជួប​ជុំគ្នា​នាឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ ដើម្បី​វេច​នំ​ជុំគ្នា។ ហើយ​ក្នុង​ថ្ងៃ​នេះសារព័ត៌មាន ត្រយង  សូម​លើកយក​នូវ​នំ​ខ្មែរ​ទាំង ៥ ប្រភេទ​ដែល​កូន​ខ្មែរ​គ្រប់រូប​និយម​ធ្វើជុំគ្នា​នា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ៖

១. នំអន្សម

នំអន្សម គឺជា​នំ​ប្រពៃណី របស់​ជនជាតិខ្មែរ ដែលមាន​ប្រវត្តិ​យូរលង់​ណាស់​មកហើយ ហើយ​នំ​ប្រភេទ​នេះ ទំនង​អាច​និង​មាន​ប្រវត្តិ កើតមាន​ក្នុង​រាជ​ព្រះបាទ ជ័យ​វរ្ម័នទី២ ដែលមាន​ជំនឿ​គោរព​ទៅលើ ព្រះ​ឥសូរ ឬ ព្រះ​សិវៈ ដែល​តំណាងឱ្យ សសរ​ភ្លើង​ឥ​ស្វរៈ នៃ​ដើមកំណើត​ព្រះ​ឥសូរ ដែល​នាំយក សិវៈលិង្គ​មក​គោរពបូជា ក្នុង​លទ្ធិទេវរាជ​របស់​ព្រះអង្គ ប៉ុន្តែ​ក្រោយមក​ការគោរព​នូវ សិវៈលិង្គ នៃ​ផ្នត់គំនិត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវបាន​បោះបង់ចោល និង សាបរលាប​ទាំងស្រុង ដោយ​ការយល់ឃើញថា ការ​មាន​ជំនឿ​ទៅលើ​រឿង​ប្រដាប់ភេទ​ចំអេសចំអាស វា​ជា​រឿង​មិន​សម​ហេតុផល និង ជា​រឿង​ខ្វះ​សីលធម៌​ផងដែរ ដូចនេះហើយ នំអន្សម នៅក្នុង​ប្រពៃណី​របស់​កម្ពុជា​ត្រូវបាន​ចាត់ទុកជា​នំ​តំណាង ឱ្យ​ការដឹងគុណ​ឪពុក ដែល​លោក​ខំ​បីបាច់រក្សាកូនៗឱ្យ​ធំ​ដឹងក្ដី​ក្នុង​លោក​យើង​នេះ ។

ការ​វេច​នំអន្សម គេ​ត្រូវមាន​គ្រឿងផ្សំសំខាន់ៗដូចជា៖ អង្ករដំណើប សណ្ដែកបាយ ស្នូល​សាច់ ដែល​អាចដាក់​តាម​ចំណង់​ចំណូលចិត្ត សាច់ជ្រូក សាច់មាន់ ឬ សាច់​គ្រឿង​សមុទ្រផ្សេងៗ រឿង​សំខាន់​គឺ​ស្លឹកចេក និង ខ្សែរ​ចង ត្រូវ​រៀប​ស្លឹកចេក​ជា​បន្ទះ រួច​សឹម​ដាក់ អង្ករដំណើប​នៅ​ជាន់​ទី១ បន្ទាប់មក​សណ្ដែកបាយ​នៅ​ជាន់​ទី២ រួចហើយ​ស្នូល​នៅ​ជា​ន់ទី៣ ឬ នៅ​ចំ​កណ្ដាល បន្ទាប់មក​អាច​បន្ថែម​អង្ករដំណើប និង សណ្ដែកបាយ​ពីលើ​បាន រួច​សឹម​យើង មូល​នៅ​ស្លឹកចេក​នោះ​ក្ដោប​យក​គ្រឿង​ទាំងអស់នោះ ហើយ​ធ្វើ​ការចង សឹម​យក​វា​ទៅ​ចំហុយ ឬ ស្ងោរ ជាការ​ស្រេច គេ​មិន​ប្រើ​ស្លឹក​អ្វី​ផ្សេង​យកមក​រំ​ុ​ក្រៅពី​ស្លឹកចេក​នោះទេ ពីព្រោះ​ស្លឹកចេក​ធ្វើឱ្យ​អន្សម​ច្អិន​បានល្អ និង មាន​ក្លិន​ឈ្ងុយ​ផងដែរ ។

២. នំគម និង​នំ​បត់

មិន​ខុសគ្នា​ពី​នំអន្សម​ប៉ុន្មាន​ទេ នំគម និង​នំ​បត់ ក៏មាន​កំណើត​ក្នុង​សម័យកាល​ខ្មែរ​បុរាណ​ដែល​គោរព​ព្រហ្មញសាសនា គឺជា​ការគោរព​អង្គកាយ​នាង​ឧមា ដែល​តំណាងឱ្យ​នំគម និង​ការគោរព​ផែនដី​ដែល​តំណាងឱ្យ​នំ​បត់។ នំ​ប្រភេទ​នេះ​ធ្វើឡើង​ពី​ម្សៅ​អង្ករដំណើប ខ្ចប់​ដោយ​ស្នូល​សណ្ដែក ស្នូល​ដូង នៅ​ខាងក្នុង ខ្ចប់​រាងសំប៉ែតៗ និង​រាង​គម​ពីរ៉ាមីត ហើយ​ចម្អិន​ដោយ​ការ​ចំហុយ។ នំ​ប្រ​ភេ​ន​នេះដែរ ភាគច្រើន​ខ្មែរ​យើង​ប្រើ​ក្នុង​ពិធី​សាសនា។

៣. នំបា​កបិន

នំបា​កបិន ត្រូវបានចាស់ៗតំណាលតៗគ្នា​ថា នំ​ប្រភេទ​នេះ​គឺមាន​ភាពលំបាក​លំបិន​ក្នុង​ការធ្វើ ទើបបានជាចាស់ៗគ្នា​ហៅតៗថា នំ​លំបាកលំបិន រហូត​ក្លាយ​មកជា នំបា​កបិន ។ ការធ្វើ​នំ​នេះ ត្រូវ​លាយ​ម្សៅដំណើប ម្សៅ​មី សាច់ដូង​កោស និង​ស្ករស​ចូលគ្នា រួច​គោះ​ស៊ុត​ដាក់ចូល ដាក់​ខ្ទិះដូង​ចូល លាយ​ច្របល់​ចូលគ្នា​ឱ្យ​សព្វ​ល្អ។ បន្ទាប់មក​យក​ប្រេងឆា​លាប​ពុម្ព​ដែល​ល​សម្រាប់​ដុត​នំ រួច​ដួស​ម្សៅ​ដែល​លាយ​ហើយ​ដាក់ចូល យកទៅ​ដុត​ប្រើ​កំដៅ​រយៈពេល ១០-២០នាទី ជាការ​ស្រេច។

៤.នំ​ទ្រាប

នំ​នេះ គេ​ប្រើ​អង្ករដំណើប​ស ឬ​អង្ករ​ដំណើបខ្មៅ​ក៏​ធ្វើបាន​ដូចគ្នា។ គេ​ត្រូវយក​អង្ករដំណើប​ទៅ​ដាំ​ឱ្យ​ក្លាយជា​បាយ​ស្រួយ​សិន ទើប​គេ​ដួស​ចេញ និង​យកទៅ​កូរ​ជាមួយនិង​ស្ករត្នោត ឬ​ស្ករស​នៅ​ឆ្នាំង​មួយ​ផ្សេងទៀត។ គេ​កូរ​បាយ​នោះ រហូត​ស្រស់ទឹក​គេ​នឹង​ចាក់​ចូលទៅក្នុង​ថាស ដើម្បី​អាច​កាត់​ជា​ចំណិត​បាន។ នំ​ប្រភេទ​នេះ គេ​និយម​ធ្វើ​នៅពេល​មានកម្ម​វិធី​ដូចជា ឡើងផ្ទះ កឋិនទាន សូត្រមន្ត និង​បុណ្យ​ភ្ជុំបិណ្ឌ​ជាដើម។

៥. នំស្លឹកស្រស់

នំស្លឹកស្រស់ គឺជា​នំ​មួយ​ប្រភេទ​ដែល​ខ្មែរ​យើង​គេ​និយម​ប្រើ​ក្នុង​កម្មវិធី​តូចធំ និង​ពិធីបុណ្យ​សាសនា​ជាដើម។ នំ​មួយ​ប្រភេទ ស្លឹក​ដែល​វេច ឬ​ខ្ចប់ គឺ​នៅ​ស្រស់​ជានិច្ច ហើយ​មាន​គ្រឿងផ្សំ​ដូចជា ម្សៅសណ្ដែក ស្ករស ខ្ទិះដូង និង​សណ្ដែកបាយ៕

Share.