ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា(NOCC) និង​ជា​នាយ​បេសកកម្ម​ក្រុម​អត្តពលិកអូឡាំពិកកម្ពុជា បាន​មាន​ប្រសាសន៍​ពី​ទីក្រុងតូក្យូ នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ​ថា​ក្រោយ​ទទួល​ព័ត៌មាន​ព្យុះ​ទីហ្វុង Nepartak កំពុង​រំកិល​ទៅ​រក​ប្រទេសជប៉ុន ពិសេស​ទីក្រុង​តូក្យូ ដែល​កំពុង​ដំណើរ​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវកាល​ក្ដៅ ឆ្នាំ២០២០ (Tokyo Olympic Games 2020) គណៈកម្មាធិការ​​ប្រកួត​​បាន​ជូន​ដំណឹង​ដល់​អត្តពលិក​ទាំង​អស់​ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ ខណៈ​ដែល​ការ​ប្រកួត​កីឡាក្រៅសាលមួយចំនួន នឹងត្រូវផ្អាកការប្រកួត ពិសេសកីឡាលើកទឹកតែម្ដង។

ថ្លែង​នៅ​លើ​ទំព័រហ្វេសប៊ុក Sea Games 2023 ឯកឧត្តម​បញ្ជាក់​ថា​៖«ស្អែក​នេះ​ ពេល​ព្យុះ​ទៅ​ដល់​ទីក្រុង​តូក្យូ កីឡា​ក្រៅ​សាល​មួយចំនួនត្រូវផ្អាកការប្រកួត ដូចជា​កីឡា​ទូកក្ដៅ ទូកកានូ និង​អាច​មាន​កីឡា​អត្តពលកម្ម​ផង​ដែរ ហើយ​ប្រសិន​បើ​កម្រិត​ខ្យល់​ភ្លៀងខ្លាំង នឹង​ផ្អាក​កីឡា​ក្រៅ​សាល​ទាំង​អស់​តែ​ម្ដង។ ចំណែកកីឡាករ-កីឡាការិនី​រស់​នៅ​ក្នុង​ភូមិ​កីឡា​អូឡាំពិក​វិញ ​ក៏​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​ផង​ដែរ»។

ព្យុះទីហ្វុង Nepartak កំពុង​ចល័ត​ពី​ភាគ​ខាង​ជើង នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ហើយ​អាច​នឹង​បក់​បោក​ទៅ​លើ​ប្រទេស​ជប៉ុន ពិសេស​ទីក្រុង​តូក្យូ ដែល​កំពុង​ទទួល​រៀបចំការប្រកួតកីឡាអូឡាំពិក ឆ្នាំ​២០២០ ខណៈ​ព្យុះ​នេះ ត្រូវ​គេ​ប៉ាន់​ស្មាន​ល្បឿន​ខ្យល់​ប្រហែល ៣៥គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ហើយ​នឹង​ទៅ​ដល់​ទីក្រុងតូក្យូ នៅ​រសៀល​ថ្ងៃអង្គារ​ ២៧ ខែ​កក្កដា ឆ្នាំ​២០២១៕

Telegram-Troryorng
Share.