ជា​លើក​ដំបូង​ហើយ គិត​តាំង​ពី​​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​បង្កើត​ឡើង​១២៥ឆ្នាំ​មក​ អត្តពលិក​របស់​ប្រទេស​ហ្វីលីពីន រក​បាន​មេដាយ​​មាស នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវក្ដៅ​ឆ្នាំ​២០២០ នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ល្ងាច​ថ្ងៃ​ចន្ទ ទី២៦ ខែ​កក្កដា ឆ្នាំ​២០២១ នេះ​​លើ​វិញ្ញាសា​កីឡា​លើក​ទម្ងន់។

កីឡា​ការិនី Hidilyn Diaz ដណ្តើម​បាន​មេដាយ​មាស លើ​វិញ្ញាសា​​នារី​៥៥​គីឡូក្រាម ខណៈ​មេដាយ​ប្រាក់​បាន​ទៅ​កីឡា​ការិនី Liao Qiuyun របស់​ចិន និង​កីឡា​ការិនី Zulfiya Chinshanlo របស់​កាហ្សាក់ស្ថាន។

ហ្វីលីពីន បញ្ជូន​អត្តពលិក​ខ្លួន​ទៅ​ប្រកួត​អូឡាំពិក​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩២៤ មក ដោយ​រំលង​ប្រកួត​ឆ្នាំ​១៩៨០ ក្នុង​ទីក្រុង​មូស្គូ ១លើក​ប៉ុណ្ណោះ ព្រម​ទាំង​​ធ្លាប់​ឈ្នះ​មេដាយ​ប្រាក់​៣ និង​សំរឹទ្ធ​៧ និង​មេដាយ មាស​ នេះ​ជា​លើក​ដំបូង​បង្អស់។ ឆ្នាំ​២០២១ នេះ​ហ្វីលីពីន បញ្ជូន​អត្តពលិក​ទៅ​ប្រកួត​ចំនួន​១៩នាក់។

គិត​ត្រឹម​ពេល​នេះ​អត្តពលិក​របស់​អាស៊ាន ៤រូប​ហើយ​ដណ្តើម​បាន​មេដាយ​​ត្រឡប់​មក​មាតុភូមិ​វិញ​ដោយ​ក្នុង​នោះ នៅ​ថ្ងៃ​ទី២៤ កក្កដា ២០២១ កីឡា​ការិនី Windy Cantika Aisah របស់​ឥណ្ឌូណេស៊ី ឈ្នះ​មេដាយ​សំរឹទ្ធ វិញ្ញាសា​លើក​ទម្ងន់​នារី ៤៩គីឡូក្រាម ហើយ​នៅ​ថ្ងៃ​ជាមួយ​គ្នា​កីឡា​ការិនី​ថៃ Panipak Wongpattanakit ឈ្នះ​មេដាយ​មាស កីឡា​តេក្វាន់ដូ ទម្ងន់​៤៩គីឡូក្រាម និង​នៅ​ថ្ងៃ​ទី២៥ កក្កដា ២០២១ កីឡាករ Eko Yuli Irawan របស់​ឥណ្ឌូណេស៊ី ឈ្នះ​មេដាយ​ប្រាក់​ កីឡា​លើក​ទម្ងន់​បុរស​៦១គីឡូក្រាម។

Telegram-Troryorng
Share.