រថភ្លើងដឹកទំនិញរវាងចិន-អឺរ៉ុប ដែលធ្វើដំណើរចេញពីទីក្រុង Zhengzhou តំបន់ភាគកណ្តាលប្រទេសចិននោះ បានចាប់ផ្តើមប្រតិបត្តិការឡើងវិញហើយ បន្ទាប់ពីទីក្រុងមួយនេះ ទទួលរងការវាយប្រហារយ៉ាងខ្លាំង ពីគ្រោះទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង។ នេះបើយោងតាមសារព័ត៌មាន Global Time ចេញផ្សាយនាយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ។​

នៅថ្ងៃអង្គារនេះ រថភ្លើងដឹកទំនិញមួយខ្សែ ផ្ទុកដោយគ្រឿងអេឡិចត្រូនិក, គ្រឿងបន្លាស់រថយន្ត និងទំនិញផ្សេងទៀត បានចាកចេញពីទីក្រុង Zhengzhou ឆ្ពោះទៅកាន់ទីក្រុង Liege របស់ប៊ែលហ្ស៊ិក។ ចាប់តាំងពីឆ្នាំ ២០១១មក រថភ្លើងដឹកទំនិញនេះ ធ្លាប់បានដឹកជញ្ជូនទំនិញទៅដល់ទីក្រុងចំនួន ១៦៨ ក្នុងប្រទេសចំនួន ២៣ នៅតំបន់អ៊ឺរ៉ុប។ ហើយរយៈពេល៦ខែនៅឆ្នាំ ២០២១នេះ អត្រាដឹកទំនិញមានការកើនឡើង ៥២ភាគរយបើប្រៀបធៀបនឹងឆ្នាំកន្លងទៅ។

ប៉ុន្ដែសេវាកម្មនេះ បានជួបនិងហានិភ័យដោយសារទឹកជំនន់វាយប្រហារខេត្ត Henan ដែលធ្វើឲ្យសេវាកម្មដឹកទំនិញមានការខកខានមួយរយៈព្រោះផ្លូវដែកត្រូវបានកាត់ផ្ដាច់ដោយទឹកជំនន់យ៉ាងគំហុក។

គួរជម្រាបថា ទីក្រុង Zhengzhou ខេត្ត Henan គឺជាមជ្ឈមណ្ឌលដ៏សំខាន់មួយសម្រាប់ឲ្យរថភ្លើដឹកទំនិញបើកឆ្លងកាត់ ដើម្បីពង្រឹងការតភ្ជាប់ផ្នែកដឹកជញ្ជូនជាមួយបណ្ដាប្រទេសអ៊ឺរ៉ុប ហើយទីក្រុងនេះបានសាងសង់កំពង់ផែទឹកសាបដើម្បីដោះស្រាយការដឹកជញ្ជូនទំនិញចិន-អ៊ឺរ៉ុបផងដែរ។

ប្រែសម្រួលដោយ៖ ជុំ ពេជ្រវណ្ណារ៉ា

Share.