ក្មេងស្រីជនជាតិឥណ្ឌា​ អាយុ ១៧ឆ្នាំម្នាក់ត្រូវបានគេរាយការណ៍ថា សមាជិកគ្រួសាររបស់នាងបានប្រើហិង្សាវាយធ្វើបាបនាងរហូតដល់បាត់បង់ជីវិត។ ហេតុការណ៍កើតឡើងនៅប្រទេសឥណ្ឌា ដែលប្រទេសនេះ ត្រូវបានមហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលបានធ្វើឲ្យក្មេងស្រីជនជាតិឥណ្ឌាទាំងឡាយគ្មានសុវត្ថិភាពសូម្បីនៅក្នុងផ្ទះខ្លួនឯង។

Neha Pasawan បានទទួលរងនូវការធ្វើបានពីសមាជិកគ្រួសារនៅរដ្ឋ Uttar Pradesh ព្រោះតែពួកគេមិនចូលចិត្តឲ្យនាងស្លៀកខោអាវកាប៊យ។ ម្ដាយរបស់ក្មេងស្រីជនរងគ្រោះខាងលើបានប្រាប់ថា មុននឹងឈានដល់ការវាយដុំ កូនស្រីរបស់នាងបានឈ្លោះប្រកែកគ្នាជាមួយជីតា និង ពូរបស់នាងយ៉ាងខ្លាំង រហូតដល់ជីតា និង ពូរបស់នាងវាយដោយដំបងយ៉ាងធ្ងន់ គ្រាន់តែនាងប្រាប់ថា ខោអាវកាប៊យនេះ គឺសម្រាប់ស្លៀកនៅក្នុងផ្ទះតែប៉ុណ្ណោះ។ ​​

ក្រោយមកកូនស្រីរងគ្រោះនេះ បានដួលសន្លប់ បន្ទាប់មកពួកគេបានហៅកង់បី ដើម្បីជូននាងទៅព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្ដែពួកគេមិនឲ្យស្ត្រីជាម្ដាយទៅជាមួយទេ។ ដោយសារតែម្ដាយក្មេងរងគ្រោះមិនត្រូវបានអនុញ្ញាតឲ្យទៅមន្ទីរពេទ្យជាមួយកូនស្រីបាន ទើបនាងបានស្នើឲ្យសាច់ញាតិផ្សេងទៀត ជួយមើលថែនាងផង ប៉ុន្ដែសាច់ញាតិទាំងនោះ មិនបានឃើញក្មេងរងគ្រោះនៅមន្ទីរពេទ្យនោះទេ។ លុះស្អែកឡើងគេបានឃើញសាកសពក្មេងស្រីវ័យជំទង់ម្នាក់នៅលើស្ពានដោយជើងរបស់នាងត្រូវបានព្យួរជាមួយបង្កាន់ដៃស្ពាន សំយុងមកខាងក្រោម មើលទៅសភាពស្លាប់របស់នាង គឺពិតជាលំបាកណាស់ ភ្លាមនោះស្រ្តីជាម្ដាយហាក់មានភាពសង្ស័យក៏ទៅមើលនៅកន្លែងកើតហេតុលុះពេលទៅដល់ទើបដឹងថា សាកសពលើបង្កាន់ដៃស្ពាននេះ គឺជារូបកូនស្រីរបស់នាងដែលជីតា និង ពូរបស់នាងកុហកថាយកទៅព្យាបាលនៅមន្ទីរពេទ្យ។

ទាក់ទងនឹងករណីខាងលើនេះ ប៉ូលីស បានដាក់ពាក្យបណ្ដឹងករណីឃាតកម្មយ៉ាងឃោឃៅ លើមនុស្សពាក់ព័ន្ធចំនួន ១០នាក់ រួមមាន ជីតា ពួ មីង ក្មួយ និង អ្នកបើកកង់បី ដែលសហការក្នុងរឿងនេះ។

សូមជម្រាបថា នេះជារឿងដ៏រន្ធត់មួយរបស់ម្ដាយឪពុកនាង ខណៈដែលឪពុករបស់នាងកំពុងធ្វើការងារសំណង់ នៅឆ្ងាយពីផ្ទះ ដោយឪពុកនាងបានរៀបរាប់ថា លោកខំធ្វើការដើម្បីរកប្រាក់ឲ្យកូនស្រីរបស់លោកសិក្សា ព្រោះក្ដីសុបិនរបស់នាង គឺជាប៉ូលីសស្រី ប៉ុន្ដែអ្វីៗត្រូវបានបញ្ចប់ដោយសារតែខោអាវកាប៊យនេះ៕

ប្រែសម្រួលដោយ៖ ជុំ ពេជ្រវណ្ណារ៉ា
ប្រភព៖ BBC

Share.