អ្នក​ស្រី​ Pushpika De Silva ម្ចាស់​ជ័យ​លាភី​ចំណាត់​ថ្នាក់​លេខ​មួយ​កម្មវិធី​ប្រលង​ «Mrs. Sri Lanka World» ដែល​ត្រូវ​គេ​កញ្ឆក់​ដោះ​យក​មកុដ​ពី​ក្បាល​ក្នុង​ពេល​ប្រកាស​លទ្ធផល​ទីបំផុត​បាន​ចេញ​មក​បើក​ចិត្ត​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ក្រោយ​ស្ងប់ស្ងាត់​មួយ​រយៈ​។

អ្នក​ស្រី​ Pushpika De Silva ដែល​ត្រូវ​បាន​អ្នក​​ស្រី​ Caroline Jurie ​អតីត​ម្ចាស់​ជ័យលាភី​កាល​ពី​ឆ្នាំ​មុន​គឺ​កញ្ឆក់​ដោះ​យក​មកុដ​ពី​ក្បាល​រហូត​បណ្ដាល​ឱ្យ​លោក​ស្រី​របួស​ក្បាល​នៅ​ក្នុង​ថ្ងៃ​ប្រកាស​លទ្ធផល​ផ្ដាច់​ព្រាត់​ថ្ងៃ​ទី​៤ ខែ​ មេសា ឆ្នាំ​២០២១​កន្លង​ទៅ​។

នៅ​ក្នុង​ពេល​ដែល​អ្នក​ស្រី​ De Silva ត្រូវ​បាន​ប្រកាស​ជាប់​ជា​ម្ចាស់​ជយលាភី​ស្រាប់​តែ​អ្នក​ស្រី​ Caroline Jurie ដែល​ជា​ម្ចាស់​ជយលាភី​ Mrs. World ឆ្នាំ​មុនចូល​មក​លើ​វេទិកា​ហើយ​ដោះ​យក​មកុដ​ចេញ​ពី​ក្បាល​អ្នក​ស្រី​ De Silva រួច​ប្រគល់មកុដជូនទៅ​បេក្ខនារីចំណាត់​ថ្នាក់លេខ ២ វិញ​។ អ្នក​ស្រី​ De Silva បាន​បក​ស្រាយ​ចំពោះ​បញ្ហា​នេះ​តាម​រយៈ​បណ្ដាញ​ហ្វេសប៊ុក​ថា​៖ «ខ្ញុំ​បាន​បែក​ផ្លូវ​គ្នា​ជាមួយ​នឹង​ស្វាមី​ខ្ញុំ​មែន​ តែ​យើង​មិន​ទាន់​បាន​លែងលះ​គ្នា​នៅ​ឡើយ​ទេ​​។» អ្នក​ស្រី​ De Silva ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា​នៅ​ពេល​ត្រូវ​បង្ខំ​កញ្ឆក់​ដោះ​មកុដ​ពី​ក្បាល​ធ្វើ​ឱ្យ​អ្នកស្រី​មាន​របួស​ដូច្នេះ​អ្នក​ស្រី​នឹង​ធ្វើ​ការ​ប្ដឹង​ចំពោះ​អំពើ​មួយ​នេះ​ «ទោះ​ជា​ពេល​នេះ​មកុដ​ត្រូវ​បានដោះ​ចេញ​ពី​ក្បាល​ខ្ញុំ​មែន​ ប៉ុន្តែ​ខ្ញុំ​សូម​ជំរាប​ថា​ខ្ញុំ​នឹង​ប្រើ​ប្រាស់​ផ្លូវ​ច្បាប់​ដើម្បី​ស្វែង​រក​យុត្តិធម៌​ចំពោះ​ទង្វើ​ប្រមាថ​មើល​ងាយ​មក​លើ​រូប​ខ្ញុំ​នៅ​លើ​ទី​សាធារណៈ​»។

អង្គ​ភាព​រៀបចំ​ការ​ប្រកួត​ Mrs. World បាន​ឆ្លើយ​តប​ជាមួយ​នឹង​សារព័ត៌មាន​ BBC ដែរ​ថា​ពេល​នេះ​តំណែង​ត្រូវ​បាន​ប្រគល់​ជូន​អ្នក​ស្រី​ De Silva វិញ​ហើយមិន​តែ​ប៉ុណ្ណោះ​ប្រធាន​គ្រប់​គ្រង​ Mrs. Sri Lanka World លោក Chandimal Jayasinghe បាន​ស្នើ​ឱ្យ​ Mrs. World 2020 លោក​ស្រី​ Jurie ធ្វើ​ការ​សុំ​ទោស​ចំពោះ​​ទង្វើ​ខ្លួន​ផង​ដែរ​។

«ខ្ញុំមិន​ស្អប់​អ្នក​ណា​ម្នាក់​នោះ​ទេ​ ហើយ​ខ្ញុំ​ក័​បាន​អត់​ឱន​ទោស​ឱ្យ​មនុស្ស​ដែល​បាន​ធ្វើ​ទង្វើ​មិន​ល្អ​មក​លើ​ខ្ញុំ​ដែរ​។ មិន​មាន​​អ្វី​អាច​ឈ្នះ​បាន​ដោយ​ប្រើ​ការ​ស្អប់​ខ្ពើម​នោះ​ទេ​»

ប្រភព៖ E!online

Share.