បាត់ដំបង៖ ពលករខ្មែរដែលចំណាកស្រុកធ្វើការនៅប្រទេសថៃ បានវិលត្រឡប់មកស្រុកកំណើតចូលរួមបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ជិត៦០០នាក់នៅក្នុងមួយថ្ងៃ។

មន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិដូង ខេត្តបាត់ដំបងបានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣នេះ ក្រុមការងារប្រចាំច្រកទ្វារអន្តរជាតិ បានទទួលដោយបើកទូលាយឲ្យបងប្អូនពលករខ្មែរដែលធ្វើចំណាកស្រុកមកពីប្រទេសថៃ ឆ្ពោះទៅកាន់លំនៅដ្ឋានដើម្បីទៅជួបជុំសាច់ញាតិ ចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ធប្រពៃណីជាតិនាពេលខាងមុខនេះ សរុបចំនួន៥៩២នាក់ ក្នុងនោះរួមមាន ពលករបុរសមានចំនួន៣០៧នាក់, ពលករស្ត្រីចំនួន២៣៤នាក់ និងកុមារដែលតាមជាប់ជាមួយឳពុកម្តាយជាពលករមានចំនួន៥១នាក់ផងដែរ។

ការចាកចេញរបស់បងប្អូនពលករខ្មែរពីប្រទេសថៃ មកស្រុកកំណើតមុនថ្ងៃបុណ្យភ្ជុំបិណ្ឌនេះ នៅតែបន្តមានជាហូរហែរាល់ថ្ងៃឥតមានថ្ងៃដាច់។

ប្រភពដដែលបន្តថា ពលករដែលវិលត្រឡប់ចូលស្រុកកំណើតជាច្រើនវិញនេះមានមកពីបណ្តាខេត្តផ្សេងៗជាច្រើនដូចជា: ពលករមកពីខេត្តព្រៃវែង, ស្វាយរៀង, ខេត្តពោធិ៍សាត់, ខេត្តបន្ទាយមានជ័យ, ប៉ៃលិន និងខេត្តបាត់ដំបងជាដើម៕

អត្ថបទ៖ ដំបងក្រញូង

Share.