បន្ទាយមានជ័យ៖ ឃុំចំនួន៤ នៅក្នុងស្រុកមង្គលបុរី ត្រូវបានជន់លិច ប៉ះពាល់ផ្ទះសំបែងប្រជាពលរដ្ឋចំនួន៣៣០ គ្រួសារ និងបានជម្លៀស១១គ្រួសារទៅកាន់ទីទួលសុវត្ថិភាព ហើយគិតត្រឹមថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣នេះ ទឹកនៅតែបន្តឡើងបន្ថែមទៀត។

លោក ជា ទី មេឃុំ សឿ បានប្រាប់ឱ្យដឹងថា នៅឃុំសឿ បានប៉ះពាល់ដោយទឹកជំនន់លិចផ្ទះសំបែងប្រជាពលរដ្ឋចំនួន១១៤គ្រួសារ ក្នុងនោះបានលិចផ្ទះសំបែង ហើយត្រូវបានជម្លៀសរកទីទួលសុវត្ថិភាពចំនួន១១គ្រួសារនិងទឹកលិចផ្លូវ២ខ្សែប្រវែង៤,៣៥០ម៉ែត្រ ស្រូវមិនទាន់ប្រមូលផលដែលខ្ចីលិច២៩៥ហិកតានិងស្រូវព្រួសថ្មីលិចទឹក២៨៥ហិកតា។

លោក ហោ សំណាង មេឃុំរហាត់ទឹកបានប្រាប់ថា៖ឃុំរហាត់ទឹកប៉ះពាល់លិចលង់ផ្ទះសំបែងប្រជាពលរដ្ឋចំនួន៧០គ្រួសារដែលទឹកលិចក្រោមបាតផ្ទះនិងទឹកលិចស្រូវដែលត្រូវប្រមូលផលមិនទានទុំល្អចំនួន៩០ហិកតា និងទឹកលិចស្រូវព្រួសថ្មី៧ហិកតា។

លោក ចៅ ម៉ី មេឃុំចំណោមបានប្រាប់ថា ប្រជាពលរដ្ឋរងផលប៉ះពាល់ទឹកជំនន់ទឹកលិចក្រោមបាតផ្ទះចំនួន១៤៦គ្រួសារ និងទឹកលិចស្រូវដែលប្រមូលផលចំនួន៧៤ហិកតា ទឹកលិចស្រូវព្រួសថ្មីចំនួន២៥ហិកតា ទឹកលិចផ្លូវ៥ខ្សែប្រវែង៣,៣០០ម៉ែត្រ។

លោក សាយ ឡៅ មេឃុំបត់ត្រង់បានប្រាប់ថា៖នៅឃុំបត់ត្រង់ស្រូវមិនទាន់ប្រមូលផលដែលប៉ះពាល់៣៥ហិកតាដែលនៅខាងលិចភូមិជិត១០គីឡូម៉ែត្រនិងទឹកលិចផ្លូវដី(ស)១ខ្សែប្រវែង៧,០០០ម៉ែត្រ។ ដោយនៅស្រុកមង្គលបូរី រងផលប៉ះពាល់ដោយទឹកជំនន់មាន៤ឃុំ ដែរជាប់បាតស្ទឹង ហើយទឹកស្រុងមកពីផ្នែកខាងលើនៅស្រុកបវេល ខេត្តបាត់ដំបង។ រហូតមកដល់ពេលនេះ ស្ថានភាពទឹកនៅតែបន្តហក់ឡើងខ្លាំង នៅដងស្ទឹងមង្គលបូរី និងដងស្ទឹងសិរីសោភ័ណ៕

អត្ថបទ៖ ប៉ោយប៉ែត

Share.