នៅ​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​ ប្រជាពលរដ្ឋ​ដែល​ជា​​ពុទ្ធ​សាសនិក​ជន​ រមែង​ប្រតិបត្តិ​តៗ​គ្នា​តាំង​ពី​ដូន​តាមក​គឺ​ទៅ​វត្ត ប្រគេន​ចង្ហាន់​ជូន​ព្រះសង្ឃ ដើម្បី​បង្សុកូល​ធ្វើ​បុណ្យ​ឧទ្ទិស​ជូ​ន​ញាតិកា​ទាំង​៧​សន្ដាន​ដែល​បាន​ចែក​ឋាន​ទៅ​លោក​ខាង​មុខ​។ យ៉ាង​ណា​មិញ​នៅ​ក្នុង​ចំណោម​ពុទ្ធ​បរិស័ទ្ធ​ដែល​មាន​សទ្ធា​ជ្រះ​ថ្លា​នោះ​ មាន​ស្ត្រី​ម្នាក់​នៅខេត្ត​ព្រៃ​វែង​ កំពុង​តែ​ទទួល​បាន​នូវ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ដោយ​សារ​តែ​គាត់​បាន​ផាត់​មុខ​បែប​ដិត​ម៉ាគីយ៉េ​ទៅ​វត្ត​ រហូត​មាន​អ្នក​មួយ​ចំនួន​បាន​សើច​ចំអក​ដល់​គាត់​ថែម​ទៀត​ផង​។

ក្រោយ​​មាន​ការ​យក​រូប​ភាព​របស់​គាត់​ទៅ​ផុស​ចែក​រំលែក​ និង​មាន​អ្នក​យក​ទៅ​លេង​សើច​នោះ​ ស្រាប់​តែ​ហ្វេសប៊ុក​ផេក​ ព្រៃវែង បេះដូងខ្ញុំ បាន​បញ្ជាក់​ពី​សាច់​រឿង​ពិត​ ដែល​ធ្វើ​ឱ្យ​អ្នក​បាន​យល់​ជ្រាប​ពី​ការ​ពិត​ហើយ​ កោត​សរសើរ​ចំពោះ​សទ្ធាចិត្ត​របស់​ស្ត្រី​រូប​នោះ​។ តាម​ពិត​គាត់​មាន​ឈ្មោះ​ចាន់​ ហៅ​មីងចាន់ គាត់​បាន​ទៅ​ធ្វើ​បុណ្យ​នៅ​វត្តរោងដំរី​ក្នុង​ខេត្ត​ព្រៃ​វែង​ គាត់​គឺជា​មនុស្ស​មិន​សូវ​ជា​មាន​ស្មារតី​ល្អ​នោះ​ឡើយ​ ប៉ុន្តែ​គាត់​តែង​តែ​បំពេញ​ទាន​និង​ចូល​វត្តចូល​វ៉ា​ជា​និច្ច​​។ ដោយ​ផេក​ព្រៃ​វែង​បេះដូង​ខ្ញុំ​បាន​សរសេរ​រៀបរាប់​ដូច​ត​ទៅ​៖ «វត្តរោងដំរី ក្រុងព្រៃវែង: មីងចាន់ គាត់​មិន​សូវ​ជា​ស្មារតី​ល្អ​ពិត​មែន​ ​ប៉ុន្តែ​គាត់​តែង​បំពេញ​ទាន​ ​សូម​កុំ​សើច​ចំអក​គាត់​។​ តើ​កាន់​បិណ្ឌ​អ្នក​បាន​ទៅ​វត្ត​បំពេញ​ទាន​ ​ជូន​ភោជន​ដល់​មាតា​បិតា​ហើយ​ឬ​នៅ​?​ សូម​ឲ្យ​ចិត្ត​ស្អាត​ក្នុង​ការ​បំពេញ​ទាន​ ​កុំ​ស្អាត​តែ​រូប​ ​តែ​រដូវ​កាល​បុណ្យ​ទាន​ ​វៀង​តែ​វត្ត​វ៉ា​
ខ្លឹមសារ​អត្ថបទ​: ​ជោតិ​បញ្ញោ ​សុខ ​វីល្លីយាមស៍​
រូបភាព​:​ ​វត្ត​រោង​ដំរី​ ​ក្រុង​ព្រៃវែង​»​

ជាមួយ​គ្នា​នេះ​ដែរ​ ព្រះតេជគុណ​ ជោតិបញ្ញោ សុខ វីល្លីយាម​ស៍​ ដែល​ជា​ម្ចាស់​ខ្លឹមសារ​ក៏​បាន​ចែក​រំលែក​នូវ​ការ​បង្ហោះ​របស់​ផេក​ខាងលើ​ព្រម​ទាំង​ភ្ជាប់​ដោយ​សារ​អប់រំ​ថា​៖ «ការ​បំពេញ​ទាន​ មិនមែន​សម្ដៅ​ដល់​រូបខាង​ក្រៅ​ទេ​ សូមឱ្យ​ចិត្ត​ស្អាត​ពី​ខាងក្នុង​ ទើប​កើត​ជា​កុសល​បុព្វចេតនា»។ ខ្លឹម​សារ​នេះ​​ ត្រូវ​បាន​អ្នក​គាំទ្រ​មីង​ចាន់ លើក​ឡើងថា ហាក់​ដូច​ជា​កាច់​ចង្កូម​ និង​បំបាក់​ដល់​អ្នក​ដែល​មិន​បាន​ដឹង​សាច់​រឿង​ពិត​ ហើយ​ចេះ​តែ​នាំ​អាថ៌​គ្នា​យក​​រូប​មីងចាន់​​ ទៅ​ផុស​លេង សើច​ និង​ចំអក​ ព្រោះ​​អ្នក​​មួយ​ចំនួន​ដែល​សើច​មីង​ចាន់ នៅ​មិន​ទាន់​បាន​ទៅវត្ត​ធ្វើ​បុណ្យ​មួយ​វត្ត​នៅ​ឡើយ​ផង​។

មែនទែន​ទៅ​ ការ​សើច​ចំអក ឬការ​ Bully អ្នក​ដទៃ​ គឺជា​វប្បធម៌​មិន​ល្អ​មួយ​ដែល​យើង​គ្រប់​គ្នា​គួរ​តែ​រួម​គ្នាលុប​បំបាត់​ចេញ​ពី​សង្គម​ ព្រោះ​បើ​និយាយ​ដោយ​ភាព​ពិត​ជាក់ស្ដែង​ មុខ​មាត់​ រូប​រាង ​គឺជា​កម្មសិទ្ធិ​បុគ្គល​ ដូច្នោះ​ចង់​បុគ្គ​លរូប​ណា​​រៀបចំ​តុបតែងខ្លួន​​បែប​ណា​​ក្ដី​គឺជា​សិទ្ធិ​របស់​គេ​ រី​ឯ​ការ​ដែល​យើង​យក​គេ​មក​លេង​សើច​ ប្រមាថ និង​មុសា​អ្នក​ដទៃ​ ជា​ទង្វើ​អសីល​ធម៌ និង​ខ្វះ​ក្រម​សីល​ធម៌​មួយ​ដែល​គួរ​ចៀសវាង៕

Share.