សិល្បៈ​ជាតិ​៖ នៅ​ខណៈ​ដែល​មហាគ្រួសារ​ខ្មែរ​កំពុង​តែ​ជួបជុំ​អបអរសាទរ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​ កូ​នខ្មែរ​៣​រូប​ មិន​បាន​ជួប​ជុំ​ក្រុម​គ្រួសារ​​​នោះ​ឡើយ​ដោយ​សារ​តែ​អ្នក​ទាំង​៣​ ត្រូវ​មាន​ភារកិច្ច​ចេញ​ទៅ​ប្រកួត​តំណាង​ជាតិ​នៅ​ក្នុង​វេទិកា​ប្រកួត​សម្រស់​៣​ផ្សេង​ៗ​គ្នា​។ កូន​ខ្មែរ​ ទាំង​៣​រូប​ដែល​ចេញ​ទៅ​ប្រកួត​តំណាង​ជាតិ​រួម​មាន​៖​

១.សំណាង​ អេលីណា៖ Miss International 2023 – យុវតី​ដ៏​ស្រស់​សោភា​ មាន​ត្រឹម​២២​ឆ្នាំ​រូប​នេះ​ ត្រូវ​បាន​ប្រកាស​តែងតាំង​ជា​ Miss International Cambodia កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា​ ឆ្នាំ​២០២៣។​ សំណាង​ អេលីណា ដែល​មាន​កម្ពស់​ ១.៧០​ សង់ទីម៉ែត្រ​ ហើយ​អាច​ប្រើ​ប្រាស់​ភាសា​អង់គ្លេស​បាន​យ៉ាង​ស្ទាត់​ជំនាញ​ព្រោះ​សិក្សា​ជំនាញ​ទំនាក់ទំនង​អន្តរជាតិ​ បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​កាល​ពី​រាត្រី​ថ្ងៃ​ទី​១០ ខែ​តុលា ដោយ​ពេល​នេះ​កញ្ញា​កំពុង​ស្ថិត​នៅ​ប្រទេស​ជប៉ុន​ដើម្បី​ប្រកួត​ប្រជែង​កម្មវិធី​ Miss International។

២.ភឹម ស្រីនោ៖ Miss Grand Cambodia – ជា​នារី​ម្នាក់​ដែល​មាន​ប្រវត្តិ​ជូរចត់​​នៅ​ក្នុង​វិស័យ​ប្រកួត​សម្រស់​ហើយ​បាន​ប្រឹង​ប្រែង​តស៊ូ​អត់​ធ្មត់​រហូត​ទទួល​បាន​ជ័យ​ជំនះ​ក្លាយ​ជា​ម្ចាស់​មកុដ​ Miss Grand Cambodia ឆ្នាំ​២០២៣ កញ្ញា​ ភឹម ស្រីនោ បាន​ចាកចេញ​ពី​​កម្ពុជា​តាំង​ពី​ថ្ងៃ​ទី៣ ខែ​តុលា ធ្វើ​ដំណើរ​ទៅ​ប្រទេស​វៀតណាម​ ដើម្បី​ប្រកួត​ប្រជែង​និង​សន្សំ​ពិន្ទុ​ដើម្បី​ត្រៀម​ខ្លួន​ឡើង​ប្រកួត​ប្រជែង​ក្នុង​វេទិកា​ធំ​ Miss Grand International ដែល​នឹង​ប្រកួត​ផ្ដាច់​ព្រ័ត្រ​នៅ​ថ្ងៃ​ទី​២៥ ខែ​តុលា​ ឆ្នាំ​២០២៣​ ខាង​មុខ​នេះ​។

៣​.ធា សុខតុលា៖ Mister International – បាន​ចូល​ហ្វឹកហាត់​ជាមួយ​នឹង​​លោក​ ម៉ែន និមលរតន៍ អគ្គានាយក​ក្រុមហ៊ុន​ CIM តាំង​ពី​អាយុ​១៧​ឆ្នាំ​មក​ម្ល៉េះ​។ បច្ចុប្បន្ន​យុវជន​រូប​មាន​អាយុ​២១​ឆ្នាំ​ មាន​កម្ពស់​១.៨៣​សង់ទីម៉ែត្រ​ ចំណែក​សាច់​ដុំ​ក៏​ណែន​ហាប់​ល្អ​ ត្រូវ​នឹង​អ្វី​ដែល​កម្មវិធី​ចង់​បាន​ដូច្នេះ​ទើប​លោក​ទទួល​បាន​ឱកាស​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ទៅ​ប្រកួត​កម្មវិធី​ Mister International នៅ​ប្រទេស​ហ្វីលីពីន​កាល​ពី​ថ្ងៃ​ទី​៩ ខែ​តុលា​ ឆ្នាំ​២០២៣​។​ ធា សុខតុលា កំពុង​តែ​មមាញឹក​ចូលរួម​ប្រកួត​ប្រជែង​នៅ​ក្នុង​វិញ្ញសារ​នីមួយ​ៗ​ដែល​គណៈកម្មការ​ប្រកួត​បាន​ដាក់​ឱ្យ​បេក្ខភាព​នីមួយ​នប្រកួតប្រជែង​គ្នា​។ គួរ​ដឹង​ថា​តុលា មាន​ស្រុក​កំណើត​នៅទីក្រុង​ភ្នំពេញ​ ទើប​តែ​រៀន​ចប់​ថ្នាក់​បាក់ឌុប​។

h
Share.