សិល្បៈជាតិ៖ តារាចម្រៀង​នៅ​ទ្រនំ​ហង្ស​មាស​គឺ​លោក សួ វិចិត្រ ទើបតែ​បញ្ចេញ​បទ​ថ្មី​នាឱកាស​ភ្ជុំបិណ្ឌ​ឆ្នាំ ២០២៣នេះ មាន​ចំណងជើង​ថា «ត្រូវ​ម៉ាច់​តែម្ដង» កំពុង​ទទួល​ការគាំទ្រ​ពី​មហាជន​គ្រប់​ស្រទាប់។ ស្រាប់តែថ្មីៗនេះ លោក​បាន​បង្ហោះសារចាក់ដោតចិត្តមហាជន និង​ផ្ដាំប្អូនស្រីៗ កុំឱ្យ​ភ្លេចគុណ​ម្ដាយ ហាក់ដូចជា​រំលឹកថា ធ្វើបុណ្យ​ទាន់​ខែភ្លឺ។

យ៉ាងណាមិញ ម្ចាស់​ពាន​កម្មវិធី Beat The Best រដូវ​កាល​ទី ១ នេះ បាន​រំលឹក​ពី​គុណ​ម្ដាយ​ដែល​បានផ្ដល់​កំណើត​ឱ្យ​រូបលោក​នៅក្នុង​ថ្ងៃនេះ​ដែល​ត្រូវជា​ថ្ងៃ​បិណ្ឌ១៣ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ថា បើទោះបីជា​កំណើត​មួយ​នេះ​មាន ឬ​ក្រ ក៏​លោក​នៅតែ​ចាត់ទុកថា ជា​មហា​គុណ​ដ៏​ធំធេង​មិនអាច​កាត់ថ្លៃ​បាន។

ក្នុងនោះ តារាចម្រៀង សួ វិចិត្រ បាន​បង្ហោះ​សារ​ឡើង​ថា ៖ «ថ្ងៃនេះ​អ្នក​ម្ដាយ​បានផ្ដល់​កំណើត​មួយ​នេះ​មកអោយ​រូប​កូន​បើទោះបីជា​កំណើត​មួយ​នេះ​ក្រ​រឺ​មាន​ក៏​ជា​មហា​គុណ​របស់​អ្នក​ម្ដាយ​ដែរ អ្នក​ម្ដាយ​ធ្វើ​គ្រប់បែបយ៉ាង​ទោះ​សុ​ី​ឈ្នួល​ច្រូតស្រូវ​ថែ​ផ្ទះ​អោយគេ​លោកអ្នក​មានគុណ​បានធ្វើ​គ្រប់សព្វ​ហើយ​កាល​កូន​នៅ​តូច ដូច្នេះ​ល្មម​លោក​ទទួល​បានការ​តប​ស្នង​ពី​កូន​គ្រប់រូប​ហើយ ចូរ​ប្អូនស្រី​ទាំងអស់គ្នា​គុំ​ភ្លេចគុណ​មាតា​បី​តា​អោយសោះ គុណ​នេះ​មិនអាច​កាត់ថ្លៃ​បាន​នោះទេ 🙏🙏»៕

Share.