កុមារី​៣​រូប​បង្ហើរ​សំនៀង​ដ៏​ពីរោះ​អម​ជាមួយ​នឹង​​កាយវិការ​គួរ​ឱ្យ​ខ្នាញ់​​ក្នុង​បទ​ចម្រៀង​ថ្មី​​រៀងៗ​ខ្លួន​​ដើម្បី​អបអរសាទរ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ជា​មួយ​នឹង​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​នឹង​ឈាន​ចូល​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។

កុមារី​ដ៏​គួរ​ឱ្យ​ស្រលាញ់​និង​កំពុង​ទទួល​បាន​ចំណាប់​អារម្មណ៍​ពី​សំណាក់​អ្នក​គាំទ្រ​មាន​ព្រះនាង​ម្ចាស់​តូច​នរោត្តម​ ជេនណា​ កុមារី​ ឃុយ មីហៀង​ និង​ កុមារី​ កែវ ទិត្យផល្លី បាន​ចេញ​បទ​ចម្រៀង​ម្នាក់​មួយ​បទ​ដែល​មាន​អត្ថន័យ​ប្លែក​ពី​គ្នា​ប៉ុន្តែ​កាន់​តែ​ស្ដាប់​កាន់​តែ​ពីរោះ​ ហើយ​បើ​បាន​ស្ដាប់​ហើយ​ចង់​ស្ដាប់​ទៀត​មិន​ចេះ​ជិនណាយ​។

ព្រះនាង​ម្ចាស់​តូច នរោត្តម ​ជេនណា​ បាន​ចេញ​បទ​ចម្រៀង​មាន​ចំណង​ជើង​ថា​ «តាលុង​ផ្ដាំស្នេហ៍​» ជា​បទ​ចម្រៀង​ច្រៀង​ជា​គូ​ជា​មួយ​នឹង​លោក អ៊ុង សុគន្ធណារ៉ុង ខណៈ​ ឃុយ មីហៀង តារា​ចម្រៀង​វ័យ​ក្មេង​ប្រចាំ​ផលិតកម្ម​ហង្សមាស​ក៏​មាន​បទ​ចម្រៀង​ថ្មី​មាន​ចំណង​ជើង​ថា​ «ល្បី​ក្នុង​យល់​សប្ដិ​» ដែល​បាន​តារា​សម្ដែង​ស្រី​តូច​ច្រឡឹង ​ដួង ម៉ានិច្ច​ មក​សម្ដែង​ជា​តួ​ឯក​ស្រី​ឱ្យទៀតរឹតតែទំនង​ ចំណែក​កុមារី​ស្គម​ស្ដើង​ កែវ ទិត្យផល្លី​ ក៏​មិន​ធម្មតា​ដែរ​ជាមួយ​នឹង​បទ​ចម្រៀង​ថ្មី​ «បើខ្ញុំ​មាន​លុយ​» ដែល​ជា​បទ​ចម្រៀង​មួយ​និពន្ធ​ដោយ​អ្នក​និពន្ធ​វ័យ​ក្មេង​ល្បី​ឈ្មោះ​ ប៉ែន បូទី​។​

គួរ​ដឹង​ដែរថា​​បទ​ចម្រៀង​របស់​កុមារី​ទាំង​៣​រូប​​នេះ បាន​ទទួល​ការស្រលាញ់​និង​គាំទ្រ​ច្រើន​ពី​សំណាក់​អ្នក​ស្ដាប់​ ជាពិសេសលើ
​ឆា​ណែល​យូធូប​ច្រើន​គួរ​ឱ្យ​កត់​សម្គាល់​​ដោយ​បទចម្រៀង​ «តាលុង​ផ្ដាំស្នេហ៍​» របស់​ព្រះនាង​ម្ចាស់​តូច ​ជេនណា​ ​មាន​ចំនួន​ចុច​ចូល​ស្ដាប់​និង​ទស្សនា​ចំនួន១៥០K​ ចំណែកបទ​«ល្បី​ក្នុង​យល់សប្តិ​» របស់​ឃុយ មីហៀង​មាន​ចំនួន​ចុច​ចូលទស្សនា៩៦K​ ខណៈ​បទ​របស់​កែវ ទិត្យ​ផល្លី​ «បើ​ខ្ញុំ​មាន​លុយ​»មាន​ចំនួន​ចុច​ចូល​ទស្សនា​ចំនួន៧៧K​

Share.