ស្ថានទូតចិនប្រចាំកម្ពុជាបានតាំងនាមឱ្យអនុព័ន្ធយោធា បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៩៤ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន តាមរយៈVideo Conference កាលពីថ្ងៃទី២៧ ខែកក្កដា។

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ, ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងអ្នកតំណាងឱ្យក្រុមហ៊ុនចិន អ្នកជំនាញចិន សភាពាណិជ្ជកម្មចិន និងប្រជាជនជាប់សែស្រឡាយចិន ដែលមានចំនួនសរុបជាង២០០នាក់ អញ្ជើញចូលរួមក្នុងពិធីខាងលើ។

លោក Li Jingfeng អនុព័ន្ធយោធា នៃស្ថានទូតចិនប្រចាំកម្ពុជា និងឯកឧត្តមឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្ត្រ អគ្គនាយករងនៃអគ្គនាយកដ្ឋាននយោបាយនិងកិច្ចការបរទេស និងជានាយកនៃនាយកដ្ឋានទាក់ទងអន្តរជាតិអញ្ជើញបានឲ្យដឹងថា ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុសមក កងទ័ពយោធាចិនបានផ្តល់ជំនួយយ៉ាងច្រើនដល់ប្រទេសជិតខាង ក៏ដូចជាកងទ័ពយោធា នៃប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន បានយកសកម្មភាពជាក់ស្តែងមកបង្ហាញពីទំនួលខុសត្រូវ នៃប្រទេសធំនៅក្នុងយុគសម័យថ្មីនេះ។ កងទ័ពយោធាចិននឹងបន្តធ្វើជាកម្លាំងគាំទ្រយុទ្ធសាស្ត្រដ៏រឹងមាំសម្រាប់កម្ពុជា នឹងសហការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា ដើម្បីរួមចំណែកកាន់តែធំធេងក្នុងការជំរុញកិច្ចកសាងសហគមន៍ វាសនារួមរវាងចិននិងកម្ពុជា និងការពារសន្តិភាពក្នុងតំបន់ ក៏ដូចជាលើពិភពលោក។

ឯកឧត្តមឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្ត្រ បានអបអរសាទរយ៉ាងកក់ក្តៅចំពោះសមិទ្ធផលរបស់កងទ័ពរំដោះប្រជាជនចិនក្នុងការកសាង និងអភិវឌ្ឍអស់រយៈពេល៩៤ឆ្នាំកន្លងមកនេះ ហើយលោកក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសនិងកងទ័ពទាំងពីរ។

សម្ដេចពិជ័យសេនា បានផ្ញើសារអបអរសាទរជូនដល់ឯកឧត្តម Wei Fenghe ទីប្រឹក្សារដ្ឋ រដ្ឋមន្រ្តីការពារជាតិចិន។ ឯកឧត្តមនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយកនៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសនៃក្រសួងការពារជាតិកម្ពុជា បានផ្ញើសារអបអរសាទរដល់លោក Ci Guowei ប្រធានការិយាល័យកិច្ចសហប្រតិបត្តិការយោធាអន្តរជាតិ នៃគណៈកម្មាធិការយោធាកណ្ដាល៕

ប្រភព៖ ស្ថានទូតចិនប្រចាំកម្ពុជា

Share.