សិល្បៈជាតិ៖ អតីតបេក្ខភាពប្រកួត The Voice Cambodia រដូវកាលទី១ អ្នកនាង កែវ សុបញ្ញា បានចេញមកទម្លាយនៅក្រោមផុសមួយរបស់លោក តាន់ គីមសួរ ដែលបានរំលឹកពីឧកញ៉ា ឈាង រ័ត្ន ថាខ្លួនធ្លាប់ធ្វើបាបខ្លួនឯងជាច្រើនដង និងប៊ិះអស់ជីវិត ដោយសារសម្ពាធផ្លូវចិត្ត តែសំណាងបានវីដេអូលោក តាន់ គីមសួរជួយជីវិត។

អ្នកនាង កែវ សុបញ្ញា បានលើកឡើងនៅខាងក្រោមការផុសថា «ខ្ញុំទម្រាំតែរំដោះខ្លួនចាកចេញពីវាបានធ្វើបាបខ្លួនឯង ជាច្រើនដងមកហើយ កាលនោះ បើមិនបានឃើញ Video បងទេ ប្រហែលជាខ្ញុំ មិនអាចរស់នៅមកដល់ពេលនេះទេ អរគុណបងណាស់ និយាយពិត»។ នៅពេលឃើញមានការលើកឡើងរបស់អ្នកនាង កែវ សុបញ្ញា ដូច្នេះលោក តាន់ គីមសួរ បានឆ្លើយតបវិញថា៖ «សំណាងដែលអូនបានឡើងដល់កំពូលភ្នំឱរ៉ាល់»។ ចំណែកម្ចាស់បទ «សំឡេងទឹកភ្នែក» ក៏បានតបដែរថា៖ «មួយរយៈនេះ ឃើញថាមនុស្សជាច្រើនមានសម្ពាធផ្លូវចិត្តច្រើនណាស់ បើបងធ្វើ Video ចែករំលែកឱ្យពួកគាត់បានឃើញ ប្រហែលអាចល្អណាបង ជួយពួកគាត់បានច្រើន»។

អ្វីដែលតារាចម្រៀងប្រចាំផលិតកម្ម ហង្សមាស និងរស្មីហង្សមាសរូបនេះលើកឡើង បានធ្វើឱ្យសាធារណជនទទួលស្គាល់ថាសម្ពាធផ្លូវចិត្តពិតជាបាននឹងកំពុងវាយប្រហារខ្លាំង ព្រមទាំងបណ្ដាលឱ្យមនុស្សជាដែលកំពុងប្រឈមនឹងជំងឺនេះសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង បើមិនមានការជួយសង្គ្រោះបានទាន់ពេលវេលាទេនោះ។


ម្យ៉ាងវិញទៀត គេសង្ឃឹមថាអ្នកដែលដឹងខ្លួនឬចាប់អារម្មណ៍ថាខ្លួនមានសម្ពាធផ្លូវចិត្តឬជំងឺបាក់ទឹកចិត្តចាំបាច់ត្រូវតែរកជំនួយជាបន្ទាន់ ជាពិសេសនោះអ្នកដែលនៅជុំវិញខ្លួន មិត្តភក្ដិ បងប្អូន សាច់ញាតិ ប្រសិនបើសង្កេតឃើញភាពមិនប្រក្រតីណាមួយមិនគួរបណ្ដោយឱ្យសមាជិកគ្រួសារដែលខ្លួនយល់ថាកំពុងមានវិបត្តិនៅផ្ទះម្នាក់ឬនៅក្នុងបន្ទប់តែម្នាក់ឯងនោះឡើយ។
អ្នកនាង កែវ សុបញ្ញា បានបោះជំហានក្លាយជាតារាចម្រៀងកុងត្រាប្រចាំផលិតកម្មហង្សមាស និងរស្មីហង្សមាសបន្ទាប់ពីអ្នកនាងបានចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីកម្រិតពិភពលោក The Voice Cambodia រដូវកាលទីមួយ ដោយកាលណោះអ្នកនាងគឺជាកូនក្រុមរបស់ Coach ឱក សុគន្ធកញ្ញា៕
