សិល្បៈ​ជាតិ​៖ ថ្ងៃ​នេះ​កាល​ពី ៨៤​ឆ្នាំ​មុន​ គឺ​ជា​ថ្ងៃ​ចាប់​កំណើត​របស់​អ្នក​កវី​ម្ចាស់​ដង​ស្ទឹង​សង្កែ គង្គ ប៊ុន​ឈឿន​ គឺ​នៅ​ថ្ងៃទី​ ១៨​ តុលា​ ១៩៣៩​ ហើយ​មរណ​នៅ​ថ្ងៃទី​១៧​ ខែ​មេសា​ ២០១៦​។

អ្នក​កវី​ម្ចាស់​ស្ទឹង​សង្កែ​ គង្គ​ ប៊ុន​ឈឿន​ មាន​ស្រុក​កំណើត​នៅ​ភូមិ​ចំការ​សំរោង​ ឃុំ​ចំការ​សំរោង​ ស្រុក​ បាត់ដំបង​ ខេត្ត​បាត់ដំបង​ ។ ឪពុក​ឈ្មោះ​ គង្គ​ ឈិន​ ស្រុក​កំណើត​នៅ​ ខេត្ត​តាកែវ​ ម្តាយ​ឈ្មោះ​ ម៉រ​ ភឹង​ ស្រុកកំណើតនៅខេត្តបាត់​ដំបង​។ លោក​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​តែង​និពន្ធ​ ចាប់​តាំង​ពី​កំឡុង​ឆ្នាំ​ ១៩៥៥​ មក​ រហូត​បាន​ប្រលង​ជាប់​លេខ​មួយ​ ជា​លើក​ដំបូង​ នៅ​ក្នុង​ឱកាស​មហោស្រព​អក្សរសិល្ប៍​មួយ​ នៅ​ក្នុង​ខេត្ត​បាត់ដំបង​ក្នុង​ឆ្នាំ​១៩៥៧​ ក្នុង​ស្នាដៃ​ឈ្មោះ«ស្នេហា​លុះ​អវសាន​»។

លោក​ក៏​ជា​អ្នក​សរសេរ​កាសែត​ អ្នក​និពន្ធ​ ប្រលោម​លោក​ពាក្យ​រាយ​ ប្រលោម​លោក​ពាក្យ​កាព្យ​ កំណាព្យ​ ចម្រៀង​ សេណារីយ៉ូ​ភាពយន្ត​ ជា​អ្នក​ដឹកនាំ​សម្ដែង​ ជា​អ្នក​និពន្ធ​បទភ្លេង​ ដ៏​ល្បី​ឈ្មោះ​ម្នាក់​។ ក្រៅ​ពី​នេះ​ លោក​ក៏​ជា​អ្នក​គូរ​ គំនូរ​អប់រំ​ផង​ដែរ​។ នៅ​ឆ្នាំ​ ២០០០​ លោក​ជា​អ្នកនិពន្ធ​ជនជាតិ​ខ្មែរ​ ទី​ ២​ បន្ទាប់​ពី​ ឯកឧត្តម​ ពេជ្រ​ ទុំក្រវិល​ ដែល​បាន​ទទួល​ជ័យលាភី​ ស្នាដៃ​តែង​និពន្ធ​ក្រប​ខ័ណ្ឌ​អាស៊ាន​ ។

លោក​ត្រូវ​បាន​ អ្នក​និពន្ធ​​ខ្មែរ​ទាំងឡាយ​​ចាត់​ទុក​ជា​ អ្នក​និពន្ធ​ដ៏​ឆ្នើម​ម្នាក់​របស់​កម្ពុជា​ ដែល​បាន​បន្សល់​ទុក​ នូវ​ស្នាដៃ​ផ្នែក​តែង​និពន្ធ​ យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ មាន​ប្រលោម​លោក​ និង​ ចម្រៀង​សម័យ​ដើម​ ដែល​មាន​ អធិរាជ​សំឡេង​មាស​ ស៊ិន​ ស៊ីសាមុត​ អ៊ឹង​ ណារី​ រស់​ សេរីសុទ្ឋា​ ប៉ែន រ៉ន​ និងអ្នក​ចម្រៀង​ល្បីៗ​ ជា​ច្រើន​រូប​ទៀត​ បាន​បកស្រាយ​ ហើយ​ស្នាដៃ​ទាំង​អស់​នោះ​ នៅ​តែ​ ស្ថិត​ក្នង​មនោសញ្ចេតនា​ អ្នក​អាន ​និង​អ្នក​ស្តាប់​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ​។លោក​គឺ​ជា​កវី​និពន្ធ​ល្បី​ឈ្មោះ​មួយ​រូប​តាំង​ពី​ទសវត្សរ៍​ទី​៥០ រហូត​មក។ លោក​មាន​ជំនាញ​ទាំង​ផ្នែក​បទ​ចម្រៀង ភាពយន្ត និង​សិល្បៈ​មួយ​ចំនួន​ទៀត។

លោក គង្គ ប៊ុនឈឿន បាន​ទទួល​មរណភាព​ក្នុង​វ័យ ៧៧​ឆ្នាំ​នៅ​ប្រទេស​ន័រវេសន៍ ដោយ​ជំងឺ​មហា​រីក។ លោក​បាន​បន្សល់​ទុក​ស្នាដៃ​និពន្ធ​ជាច្រើន​សម្រាប់​ឱ្យ​កូន​ខ្មែរ​សិក្សា​ស្វែង​យល់ ហើយ​មហាជន​ក៏​តែង​ស្ងើច​សរសើរ​មិន​ដាច់​ពី​មាត់​ថា លោក​ជា​កវី​និពន្ធ​ជើង​ចាស់​ដ៏​ឆ្នើម ដែល​ច្រើន​សរសេរ​បង្ហាញ​អំពី​តថភាព​ពិត​នៅ​ក្នុង​សង្គម​ជាតិ រហូត​ដល់​លោក​បាន​រត់​គេច​ពី​ការ​តាម​ចាប់​ខ្លួន​ពី​រដ្ឋាភិបាល​ទៅ​នៅ​ក្រៅ​ប្រទេស​រហូត​ដល់​ថ្ងៃ​ទទួល​មរណភាព​។

កូនខ្មែរ​គ្រប់​រូប​សូម​ឧទ្ទិសបួងសួង​ឱ្យ​វិញ្ញាណក្ខន្ធ​របស់​អ្នក​កវី​ម្ចាស់​ដង​ស្ទឹង​សង្កែ គង្គ​ ប៊ុន​ឈឿន​ មក​ចាប់​កំណើត​ជា​ខ្មែរ​ ដើម្បី​បន្ត​នូវ​ទឹក​ខ្មៅ​សម្រាប់​បំពេ​នូវ​ដួងចិត្ត​របស់​ប្រជាជន​ខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈ​ត​ទៅ​ថ្ងៃ​មុខ​ទៀត​៕​

Share.