ភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេចស្តីពីការបិទមន្ទីរពហុព្យាបាល មេត្រូ អអុិលវី ដែលមានទីតាំងផ្ទះលេខ៦៨ ផ្លូវលេខ២៧១ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមូលហេតុ មន្ទីរពហុព្យាបាលនេះ បានប្រើប្រាស់សេវាពិគ្រោះបញ្ជូនអ្នកជំងឺទៅវះកាត់ប្តូរសរីរាង្គតម្រងនោមនៅប្រទេសឥណ្ឌា ដែលខុសទៅនឹងច្បាប់ស្តីពីការគ្រប់គ្រងលើការបរិច្ចាគ ការផ្សាំកោសិកា ជាលិកា និងសរីរាង្គមនុស្ស ។

តាមប្រភពចចាមអារ៉ាម ថា លោកវេជ្ជបណ្ឌិត ង៉ែត សំអូន ក្រោយពីប្រមូលលុយពីអ្នកជម្ងឺចំនួន១៨នាក់ ដែលត្រូវបានបញ្ជូនបន្តទៅព្យាបាលនៅប្រទេសឥណ្ឌរួចមក បានលុយជាង១លានដុល្លារ ហើយរត់គេចខ្លួនបាត់ ដោយមិនបានបង់លុយទៅឱ្យខាងមន្ទីរពេទ្យនៅឯប្រទេសឥណ្ឌា ទុកឱ្យជនរងគ្រោះចោលនៅ មន្ទីរពេទ្យប្រទេសឥណ្ឌា អស់រយៈពេលច្រើនខែមកហើយ ។

តែបើតាមប្រភពផ្សេងមួយទៀតថា លោក ង៉ែត សំអូន បានសុីដាច់លុយពីអ្នកជម្ងឺ ពីអ្នកជម្ងឺ៤នាក់ ជាង២០មុឺនដុល្លា ដោយទុកអ្នកជម្ងឺចោលនៅមន្ទីរពេទ្យឯប្រទេសឥណ្ឌា ទាំងមិនបានបង់លុយទៅឱ្យខាងមន្ទីរពេទ្យប្រទេសឥណ្ឌា ។

ក្រោយពីបែកធ្លាយសុីដាច់លុយអ្នកជម្ងឺ រួចមក មន្ទីរពហុព្យាបាល មេត្រូ អអុិលវី ប្រចាំនៅរាជធានីភ្នំពេញ បានធ្លាក់ដល់កម្រិតក្ស័យធន់ជាង២ខែមកហើយហើយ រកតែលុយបើកឱ្យបុគ្គិកបានបានផង រហូតមកដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នេះត្រូវបានក្រសួងសុខាភិបាល សម្រេចបិទ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.