សិល្បៈជាតិ៖ ជឿ​ថា​ហ្វេន​ទាំង​អស់​គ្នា​នៅ​ចាំ​អំពី​ខ្សែ​ពេជ្រ​បន្តោង​លលាដ៍​ក្បាលខ្មោច​របស់​ វណ្ណដា ​មាន​តែមួយ​គត់​លើ​លោក​ ត្រូវ​បាន​ច្នៃ​ម៉ូដ​ដោយ​ហាង​ពេជ្រ​ល្បី​ឈ្មោះ​ «សោមា​-Soma​ Fine​ Jewelry​» ដែល​ថ្មីៗ​នេះ​ស្រាប់​តែ​ទទួល​ដំណឹង​ចុង​ក្រោយ​ថា​ ហាង​នេះ​បាន​បិទ​ទ្វារ​រត់​បាត់​ស្រមោល​ ទាក់ទង​លែង​បាន​អស់​ហើយ​។

តាម​ការ​លើក​ឡើង​របស់​ជន​រងគ្រោះ​មាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Rose​ Fiya​ បាន​បង្ហោះ​ឱ្យ​ដឹង​ថា​៖ «ហាង​ពេជ្រ​សោមា​ សោមា​-Soma​ Fine​ Jewelry​ កំពុង​តែ​បោក​ប្រាស់​គេ​ ហើយ​កំពុង​រុះរើ​ផ្លាក​ចេញ​រត់បាត់​ហើយ​ ឆាត​ក៏​មិន​តប​បង​ប្អូន​ជួរ​សែរ​ផង​ ឥលូវ​ជួប​ខ្លួន​ឯង​ហើយ ​ស្ដាយ​លុយ​ណាស់ ​ឈប់​ហើយ​ពេជ្រ​ទិញ​ដូច​ទិញ​គ្រឿង​កាឡៃ​ យក​លក់​ហាង​ផ្សេង​គេ​អត់​ទិញ​ទេ​ កុំ​ទុក​ចិត្ត​ហាង​ល្បី​បោក​មួយ​ទៀត​ហើយ​»។ ជន​រង​គ្រោះ​ខាង​លើ​ ក៏​បាន​បង្ហាញ​ចំនួន​ទឹក​ប្រាក់​ដែល​បាន​ទិញ​ពី​ហាង​បោកប្រាស់​នេះ​ គឺ​មាន​តម្លៃ​សរុប​ជិត​ ៤០០០​ ដុល្លារ​ នេះ​មិន​ទាន់​គិត​តម្លៃ​ទាំង​ខ្សែ​ទៀត​ផង​។

ប្រភព​មួយ​ទៀត​ Le Rose Nail Bar​ បាន​លើក​ឡើង​ដែរ​ថា ​៖ «នេះ​រូប​ម្ចាស់​ហាង​រក​ស៊ី​បោក​គេ​មក​យូរ​ហើយ​ លឺ​ថា​កំពុង​បើក​ហាង​ថ្មី​ដាក់​ឈ្មោះ​ថ្មី​បោក​គេ​បន្ត​ទៀត​ ជូន​ទៅ​ដាក់​ពាក្យ​បណ្តឹង​បន្តិច​មិត្ត​ ព្រោះ​លឺ​ថា​ សោមា-Soma Fine ​Jewelry​ បើ​ហាង​ថ្មី​បោក​គេ​ទៀត​ កុំឱ្យ​ចាញ់​បោក​វា​បងប្អូន​ ក្មេង​ទេ​តែ​ថោក​ទាប​ចេះ​រក​ស៊ី​បោក​គេ​តាំង​ពី​ក្មេង​ ស៊ែរ​ឱ្យ​គ្រួសារ​ថោកទាប​បាន​ឃើញ​ផង​»។

ក្រៅ​ពី​នោះ​ ក៏​មាន​ប្រភព​ជា​ច្រើន​បាន​បង្ហោះ​ពី​ករណី​នេះ​រហូត​ផ្អើល​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ថែម​ទាំង​ផ្អើល​អស់​ហ្វេន​អ្នក​គាំទ្រ​ខ្លះ​ នាំ​គ្នា​ស៊ែ​រូបភាព​ចាស់​របស់​តារា​ចម្រៀង​រ៉េប​ វណ្ណដា​ ដែល​ធ្លាប់​ពាក់​ខ្សែ​ពេជ្រ​បន្តោង​លលាដ៍​ក្បាលខ្មោច ​Skull 2  និង​ប្រម៉ូដ​ផ្សព្វផ្សាយ​ឱ្យ​ហាង​ពេជ្រ​មួយ​នេះ​។

គួរ​រំលឹក​ដែរ​ថា​ ម៉ូដ​ខ្សែ​ពេជ្រ​លលាដ៍​ក្បាលខ្មោច​នេះ​ ត្រូវ​បាន​អ្នក​គាំទ្រ​មើល​ឃើញ​ថា​គឺ តំណាង​ឱ្យ​បទ​ចម្រៀង​ក្នុង​អាល់ប៊ុម​ «Skull» គឺ​ត្រូវ​បាន​ច្នៃម៉ូដ​ដោយ​ហាង​ពេជ្រ​ សោមា​ ដែល​កំពុង​ផ្អើល​ឆោឡោ​ថា​បិទទ្វារ​រត់​បាត់​ស្រមោល​៕

Share.