ភ្នំពេញ៖ ស្របពេលដែលនៅតាមតំបន់ក្នុងរាជធានីខេត្តមួយចំនួនបាននិងកំពុងតែប្រឈមទៅនឹងគ្រោះទឹកជំនន់នោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីណែនាំស្តីពី វិធានការសុវត្ថិភាព និងសុខភាពការងារ សម្រាប់កម្មករនិយោជិត ក្នុងករណីមានគ្រោះជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្រ្តដែលមានរោងចក្រ សហគ្រាស និងកន្លែងស្នាក់នៅរបស់កម្មករនិយោជិត។
បើតាមក្រសួងការងារ ដើម្បីបង្ការហានិភ័យដែលអាចនឹងកើតមានឡើងជាយថា ហេតុដោយសារគ្រោះជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្រ្តដែលមានរោងចក្រ សហគ្រាស និងកន្លែងស្នាក់នៅរបស់កម្មករនិយោជិត ក្រសួងសូមធ្វើការណែនាំដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិតទាំងអស់ ត្រូវអនុវត្តនូវវិធានការដូចខាងក្រោម៖
ក៖ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស
១. ត្រូវតាមដានស្ថានភាពទឹកជំនន់ជាប្រចាំនៅក្នុងភូមិសាស្រ្តរបស់ខ្លួន។
២.រៀបចំបង្កើតក្រុមការងារ និងត្រៀមផែនការសង្គ្រោះ មធ្យោបាយការពារ និងជម្លៀសកម្មករនិយោជិតក្នុងករណីមានទឹកជំនន់។
៣. ត្រូវធ្វើការត្រួតពិនិត្យបណ្តាញអគ្គិសនីឱ្យបានត្រឹមត្រូវ និងសមស្របតាមលក្ខណៈបច្ចេកទេស សុវត្ថិភាព សម្រាប់បង្ការ និងបញ្ចៀសនូវបញ្ហាចាំបាច់ចំពោះមុខទៅតាមកាលៈទេសៈជាយថាហេតុ ណាមួយ។
៤. ត្រូវមានវិធានការរៀបចំការសង្គ្រោះបឋម និងវិធីសាស្រ្ដជួយសង្គ្រោះមានជាអាទិ៍ ក្នុងករណីលង់ទឹក ឆក់ចរន្តអគ្គិសនី សត្វទិច ចឹក ឬខាំ។
៥.ត្រូវទុកដាក់វត្ថុធាតុដើម សម្ភារសំខាន់ៗ និងសារធាតុគីមីឱ្យបានត្រឹមត្រូវផុតពីទឹក និងមានសុវត្ថិភាព ជាពិសេសវត្ថុធាតុដើម និងសារធាតុគីមីដែលមានប្រតិកម្មជាមួយទឹក។
៦. ត្រូវរៀបចំដាក់ស្លាកសញ្ញាការហាមឃាត់នៅកន្លែងដែលមានគ្រោះថ្នាក់ ទឹកជន់លិច ឬហូរខ្លាំង។
៧. ត្រូវត្រៀមស្បៀងអាហារ និងទឹកស្អាត សម្រាប់បរិភោគឱ្យបានគ្រប់គ្រាន់អំឡុងពេលរង់ចាំក្រុមជួយសង្រ្គោះទៅដល់ ក្នុងករណីកម្មករនិយោជិតជាប់គាំងក្នុងរោងចក្រ សហគ្រាស នៅពេលមានទឹកជំនន់។
៨. ត្រូវអប់រំផ្សព្វផ្សាយដល់កម្មករនិយោជិតអំពីវិធានការសុវត្ថិភាព និងសុខភាពការងារ ដើម្បីការពារសុវត្ថិភាពកម្មករនិយោជិតនៅពេលមានទឹកជំនន់កើតឡើង។
៩. ត្រូវចូលរួមអនុវត្តឱ្យបានហ្មត់ចត់តាមវិធានការរបស់អាជ្ញាធរមូលដ្ឋាន និងវិធានការនានារបស់ស្ថាប័នពាក់ព័ន្ធ ព្រមទាំងសហការឱ្យបានពេញលេញជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងករណីមានការណែនាំជាក់ស្តែង។
១០. ត្រូវត្រួតពិនិត្យឡើងវិញនូវប្រព័ន្ធសុវត្ថិភាពផ្សេងៗ សម្អាតបរិវេណរោងចក្រ សហគ្រាស និងធ្វើអនាម័យបង្គន់ឡើងវិញក្រោយពេលទឹកជំនន់។
ខ៖ កម្មករនិយោជិត
១. ត្រូវប្រុងប្រយ័ត្នគ្រោះថ្នាក់ផ្ទាល់ខ្លួនមានជាអាទិ៍ ឆក់ចរន្តអគ្គិសនី លង់ទឹក សត្វទិច ចឹក ឬខាំ។
២. ត្រូវចូលរួមអនុវត្តជាចាំបាច់តាមការណែនាំរបស់និយោជក និងអាជ្ញាធរពាក់ព័ន្ធ។
៣. ត្រូវផ្តល់ព័ត៌មានអំពីស្ថានភាពសុវត្ថិភាព និងសុខភាពរបស់ខ្លួន ទៅកាន់និយោជកជាប្រចាំ ក្នុងអំឡុងពេលឈប់សម្រាកដោយសារគ្រោះទឹកជំនន់។
៤. ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានការអនាម័យសុខាភិបាល និងសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ របស់ក្រសួងសុខាភិបាល ស្តីពីការការពារសុខភាព ត្រៀមបង្ការ និងឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុ និងគ្រោះទឹកជំនន់។
៥. ត្រូវចូលរួមអនុវត្តឱ្យបានហ្មត់ចត់តាមវិធានការរបស់អាជ្ញាធរមូលដ្ឋាន និងវិធានការនានារបស់ស្ថាប័នពាក់ព័ន្ធ ព្រមទាំងសហការឱ្យបានពេញលេញជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងករណីមានការណែនាំជាក់ស្តែង។
ក្នុងករណីចាំបាច់ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិតត្រូវជូនដំណឹងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈប្រព័ន្ធ Hotline លេខ «១២៩៧» ឬក្រុមតេឡេក្រាម «សម្រាប់និយោជក ”https://t.me/EmployerChat ឬក្រុមតេឡេក្រាម “សម្រាប់កម្មករនិយោជិត» https://t.me/KhmerWorkerChat និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីចុះធ្វើការវាយតម្លៃកម្រិតហានិភ័យ ដែលអាចកើតមានឡើងចំពោះសុវត្ថិភាពកម្មករ និយោជិតក្នុងអំឡុងពេលមានទឹកជំនន់៕

