ក្មេងប្រុសជនជាតិម៉ាឡេស៊ី អាយុ៦ឆ្នាំម្នាក់ នៅរដ្ឋ Perak នៃប្រទេសម៉ាឡេស៊ី បានស្លាប់កាលពីថ្ងៃចន្ទ បន្ទាប់ពីគេប្រទះឃើញសន្លប់នៅក្នុងម៉ាស៊ីនបោកគក់ ដោយគេជឿថា បានឡើងលើម៉ាស៊ីនពេលកំពុងដំណើរការបោកគក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣។

អធិការនគរបាលទីក្រុង Ipoh លោក Yahaya Hassan បាននិយាយថា កុមារារូបនេះមានជំងឺអូទីស្សឹម ហើយបានធ្វើសកម្មភាពកាលពីចុងសប្ដាហ៍មុននេះ នៅម៉ោងប្រហែល ៩និង៣០នាទីព្រឹក នៅពេលដែលមនុស្សគ្រប់គ្នានៅក្នុងផ្ទះកំពុងគេងលក់។

លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា «នៅពេលដែលប្រទះឃើញកុមាររូបនេះ ម៉ាស៊ីនបោកគក់ខាងលើលែងដំណើរការ ហើយក្មេងប្រុសនេះ បានសន្លប់បាត់ទៅហើយ»។

ក្រោយប្រទះឃើញ ក្រុមគ្រួសារបានបញ្ជូនក្មេងប្រុសនេះទៅមន្ទីរពេទ្យ Raja Permaisuri Bainun ប៉ុន្តែត្រូវបានគេបញ្ជាក់ថា បានស្លាប់នៅម៉ោងប្រហែល ១១ព្រឹកថ្ងៃដដែល។
យោងតាមលទ្ធផលធ្វើកោសល្យវិច័យបានបង្ហាញថា មូលហេតុនៃការស្លាប់ គឺក្មេងប្រុសនេះ ប៉ះទង្គិច និងរងរបួសក្បាល ចំពោះមូលហេតុបន្ដប៉ូលីសកំពុងធ្វើការស៊ើបអង្កេតជាបន្ដទៀត៕
