សិល្បៈជាតិ៖ មុននេះបន្តិច សារព័ត៌មានត្រយងបានទទួលដំណឹងមកថាលោកគ្រូ ឆែម សុខ តន្ត្រីករបុរាណដែលតែងតែប្រគំជូនក្រុមរបាំព្រះរាជទ្រព្យ បានទទួលមរណភាពហើយក្នុងជន្មាយុ ៦៩ឆ្នាំ នៅថ្ងៃទី ១៨ តុលា នេះ។
លោកគ្រូ ឆែមសុខ មានសុខកំណើតជាអ្នកខ្សាច់កណ្តាល ជាវីរសិល្បករតន្ត្រីភ្លេងពិណពាទ្យឯកទេសឧបករណ៍ស្គរសម្ភោរ និងស្គរធំ បន្តជំនាន់តាំងពីជំនាន់ជាន់ចាស់សុទ្ធសឹងតែជាអ្នកបម្រើរភ្លេងកំដររបាំព្រះរាជទ្រព្យ និងព្រះរាជពិធីផ្សេងៗក្នុងព្រះបរមរាជវាំង តាំងពីមុនរាជ្យសម្តេចព្រះមហាក្សត្រិយានីតរហូតដល់បច្ចុប្បន្ន។
នាថការីរបាំបុរាណ ព្រាប ចាន់តុលា បានបង្ហោះដំណឹងនេះថា ៖ «ដំណឹងដ៏ក្រៀមក្រំ លោកគ្រូ ឆែម សុខ តន្ត្រីករបុរាណដែលតែងតែប្រគំជូនក្រុមរបាំព្រះរាជទ្រព្យពេលនេះបានទទួលមរណភាពហើយ។ សូមលោកពូអញ្ជើញទៅឱ្យបានស្ងប់សុខ។ ចង្វាក់ស្គរច្បាស់ៗងាយស្រួលរាំរណ្តំចិត្ត ពេលនេះលែងបានឮទៀតហើយ ធនធានសិល្ប:ដ៏កម្របានបាត់បង់ម្តងមួយ»។
សពលោកគ្រូត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាននៃសព ដែលមានទីតាំងស្ថិតនៅ ភូមិព្រែកក្របៅទី៣ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្ដាល៕



