សិល្បៈជាតិ៖ មិនទុកឱ្យអ្នកគាំទ្រទន្ទឹងរង់ចាំយូរនោះឡើយ «Rent Boy» ឬ «ប្រុសលក់ខ្លួន» ភាពយន្តខ្នាតធំកម្រិតស្ដង់ដាប្រមូលផ្ដុំដោយតារា៤សាសន៍ បានកំណត់កាលបរិច្ឆេទបញ្ចាំងជាផ្លូវការនៅលើរោងភាពយន្តហើយ គឺនៅចំទិវាឯករាជ្យជាតិខាងមុខនេះ។

យោងតាមសេចក្ដីប្រកាសដោយផេកផ្លូវការរបស់ផលិតកម្ម LD Entertainment បានបង្ហោះចែករំលែកឱ្យដឹងថាភាពយន្តខ្នាតធំ ដែលប្រមូលផ្ដុំដោយតារាល្បីៗពីបណ្ដាប្រទេសជាសមាជិកអាស៊ានចំនួន៤មាន កម្ពុជា មីយ៉ាន់ម៉ា ថៃ និងវៀតណាម គ្រោងនឹងចាក់បញ្ចាំងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះនៅគ្រប់រោងភាពយន្តទាំងអស់។
ភាពយន្តខ្នាតធំកម្រិតស្ដង់ដាដែលផលិតដោយផលិតកម្ម LD Entertainment នេះមានការចូលរួមសម្ដែងពីតារាឈានមុខកម្ពុជាដូចជា លោក ទេព រិន្ទដារ៉ូ លោក ខាត់ វៃហាំង និងកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ចំណែកប្រទេសមីយ៉ាន់ម៉ា មាន តារាសម្ដែងសាច់ដុំធំៗ Paing Takhon រីឯប្រទេសថៃមានការចូលរួមសម្ដែងពីកំពូលតារាកំប្លែងល្បី២ដួង គឺអ្នកនាង Tukky (ហៅគ្រូផេនស៊ី) និង Kohtee ខណៈដែលវៀតណាមមានតារាសម្ដែងជើងចាស់គឺអ្នកស្រី Nguyễn Kiều Trinh ចូលរួមសម្ដែង។
