សៀមរាប ៖ រទេះលក់មីឆាមួយគ្រឿង ខណៈដែលម្ចាស់កំពុងឆាចម្អិនឱ្យភ្ញៀវ ស្រាប់តែផ្ទុះឆេះឆាបសន្ធោឡើង ផ្អើលភ័យស្លន់ សន្តិសុខជួយពន្លត់ទាន់ពេល កាលពីវេលាម៉ោង៩យប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅក្រោមស្ពានអាកាស ផ្លូវចូលព្រលានថ្យន្តហោះថ្មី នៅភូមិពពេល ឃុំគោកធ្លកលើ ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា ព្រលានយន្តហោះថ្មីខេត្តសៀមរាប ទើបតែបើកឱ្យហោះហើរ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ហើយមានបងប្អូនប្រជាពលរដ្ឋ អ្នកលក់ដូរ ទៅដើរលេងកម្សាន្ត តាមផ្លូវក្បែរច្រកចូលព្រលាន យ៉ាងកុះករផងដែរ ។

ប្រភពបន្តទៀតថា នៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ខណៈដែលប្រជាពលរដ្ឋដើរកម្សាន្តលេងតាមដងផ្លូវច្រកចូលព្រលានយន្តហោះថ្មី រីឯអ្នកលក់ដូរចល័តវិញ ទៅលក់តាមរបររៀងខ្លួន ហើយក៏មានរទេះលក់មីឆាមួយ នៅខាងក្រោមស្ពានអាកាស ខណៈដែលកំពុងឆាចម្អិនឱ្យភ្ញៀវ ស្រាប់តែផ្ទុះកំប៉ុងហ្គាស បណ្តាលឱ្យឆាបឆេះសន្ធោឡើង ផ្អើលអ្នកជិតខាង ភ័យស្លន់ស្លោ ។ ភ្លាមៗត្រូវបានកម្លាំងសន្តិសុខព្រលាន យកបំពង់ពន្លត់អគ្គិភ័យ បាញ់ឱ្យរលត់ទៅវិញ សំណាងល្អមិនបង្កឱ្យអ្នកណារងរបួស ខូចខាតតែរទេះ អុីវ៉ាន់លក់ដូរបន្តិចបន្តួច ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.