សិល្បៈជាតិ៖ មិនដល់១សប្ដាហ៍ទៀតនោះឡើយ កម្មវិធីប្រកួតសម្រស់កម្រិតអន្តរជាតិ Miss Grand International 2023 នឹងឈានដល់វគ្គប្រកួតផ្ដាច់ព្រ័ត្រហើយ។ នៅក្នុងចំណោមបេក្ខភាពប្រកួតទាំងអស់ បវរកញ្ញាតំណាងព្រះរាជាណាចក្រកម្ពុជា ភឹម ស្រីនោ បានចូលក្នុងចំណោម Top 10 ក្នុងវគ្គសន្សំពិន្ទុប្រកួតឈុតហែលទឹក (Swimsuit) ដែលលទ្ធផលនេះបានសាងក្ដីរំភើបរីករាយយ៉ាងខ្លាំងដល់អ្នកគាំទ្ររបស់កញ្ញា និងប្រជាពលរដ្ឋកម្ពុជាទាំងមូល។ ដើម្បីបង្ហាញពីទឹកចិត្តគាំទ្រដ៏ស្មោះស្ម័គ្ររបស់ខ្លួន ក្រុមអ្នកគាំទ្រកញ្ញា ភឹម ស្រីនោ បានស្រុះស្រួលមូលមតិគ្នារៀបចំយុទ្ធនាការឈុតធំ ចាក់បញ្ចាំងវីដេអូសកម្មភាពខ្លីៗរបស់កញ្ញា នៅលើផ្ទាំង LED មួយសប្ដាហ៍ពេញមុនការប្រកួតផ្ដាច់ព្រ័ត្រថែមទៀតផង។
យោងតាមការបង្ហោះចែករំលែកដោយផេក Review តាមអារម្មណ៍ បានបង្ហោះកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ បានរៀបរាប់ថានៅថ្ងៃទី១៩ ខែតុលា នឹងមានការចាក់បញ្ចាំងវីដេអូ Nano ចាប់តាំងពីម៉ោង៧ព្រឹក រហូតដល់១០យប់ ព្រមជាមួយនឹង Hashtag #phoemsreynomissgrandcambodia2023 ដើម្បីចូលរួមជួយប្រូម៉ូតផ្សព្វផ្សាយពីសកម្មភាពផ្សេងៗ ក៏ដូចជាក្រើនរំលឹកដល់ពលរដ្ឋខ្មែរទាំងអស់ឱ្យងាកមកចាប់អារម្មណ៍ និងបន្តលើកទឹកចិត្តដល់បេក្ខភាពតំណាងប្រទេសកម្ពុជារូបនេះ។ មួយវិញទៀតសកម្មភាពនេះក៏ជាចំណែកមួយចូលរួមផ្សព្វផ្សាយពីប្រទេសកម្ពុជានៅលើឆាកអន្តរជាតិនៅពេលដែលមានការបង្ហោះចែកចាយច្រើនដោយប្រើប្រាស់ Hashtag ខាងលើ។
យ៉ាងណាមិញនៅពេលដែលក្រុមការងារសារព័ត៌មានត្រយងបានទំនាក់ទំនងទៅកាន់ផេកខាងលើដើម្បីសាកសួរលម្អិត អេដមីន ផេកបានទម្លាយឱ្យដឹងថា៖ «យុទ្ធនាការឈុតធំលើកនេះគឺផ្ដើមចេញពីសេចក្ដីស្រលាញ់របស់ក្រុមអ្នកគាំទ្រដែលចង់លើកទឹកចិត្តនិងផ្ដល់ជាកម្លាំងចិត្តដល់ Queen កម្ពុជា មុននឹងឈានដល់វិញ្ញាសាសំខាន់ក្នុងវគ្គប្រកួតឈុតតំណាងជាតិ ដែលជាវគ្គមួយជួយផ្សព្វផ្សាយពីវប្បធម៌និងអរិយធម៌របស់ប្រទេសកម្ពុជាចំពោះខ្សែភ្នែកអន្តរជាតិ។»
ត្បិតដំបូងឡើយការចាក់បញ្ចាំងវីដអូខ្លីរបស់កញ្ញា ភឹម ស្រីនោ ធ្វើត្រឹមតែមួយថ្ងៃ ប៉ុន្តែដោយក្ដីស្រលាញ់និងស្មារតីសាមគ្គីគ្នាជាធ្លុងមួយរបស់អ្នកដែលស្រលាញ់ ស្រីនោ និងផ្ញើការលើកទឹកចិត្តពីចម្ងាយដល់បវរកញ្ញាកម្ពុជាដែលកំពុងតែប្រយុទ្ធលើសមរភូមិប្រកួតសម្រស់ ទីបំផុតយុទ្ធនាការឈុតធំរយៈពេលពេញមួយសប្ដាហ៍គឺបន្ថែមពេលវេលាចាក់វីដេអូរបស់ ស្រីនោ មិនមែនត្រឹមតែថ្ងៃទី១៩ នោះទេ តែចាប់ពីថ្ងៃទី១៩-២០-២១-២២-២៣-២៤ និង២៥ តុលា ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង១០ យប់ នៅទីតាំងស្ដុប AEON សែនសុខ ឬ AEON2។
យោងតាមការជជែកគ្នាតាមរយៈសារអេឡិចត្រូនិច ជាមួយនឹងប្អូនដែន ដែលជាអ្នកគាំទ្រម្នាក់របស់ Nano នេះមិនមែនជាលើកទីមួយឡើយ ដែលប្អូនៗជាក្រុមអ្នកគាំទ្រ Miss Grand Cambodia បានចំណាយថវិកាផ្ទាល់ខ្លួនរួមគ្នា ដើម្បីរៀបចំនូវព្រឹត្តិការណ៍ធំជាប្រវត្តិសាស្ត្រសម្រាប់ Queen កម្ពុជា ព្រោះកន្លងទៅក្រុមអ្នកគាំទ្រក៏បានចំណាយប្រាក់ផ្ទាល់ខ្លួន រៀបចំជាក្បួនស៊ីក្លូអមដោយក្រុមភ្លេងឆៃយ៉ាំ ប្រគំដង្ហែ ស្រីនោ ចូលក្នុងអាកាសយានដ្ឋានអន្តរជាតិ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ពោលគឺនៅថ្ងៃដែលម្ចាស់មកុដឆ្នាំ២០២៣ ត្រូវធ្វើដំណើរទៅកាន់ប្រទេសវៀតណាមដើម្បីត្រៀមខ្លួនប្រកួតប្រជែង។
តាមដឹងក្រុមអ្នកគាំទ្ររបស់កញ្ញា ភឹម ស្រីនោ បានចំណាយទឹកប្រាក់ផ្ទាល់ខ្លួនសរុបមិនក្រោមខ្ទង់ពាន់ដុល្លារនោះឡើយ នាពេលកន្លងៗមក ដើម្បីចូលរួមជួយផ្សព្វផ្សាយពីសកម្មភាពនានារបស់ Miss Grand Cambodia ឆ្នាំ២០២៣ រូបនេះ៕
ទស្សនាវីដេអូទាំងស្រុងខាងក្រោម៖
