សិល្បៈជាតិ៖ គួរកត់សម្គាល់ដែរថា ខែ តុលា នេះមានអ្នកសិល្បៈបាត់បង់សមាជិកគ្រសារជាបន្តបន្ទាប់ ជាក់ស្ដែងថ្មីៗនេះ គ្រួសារតារាទឹកភ្នែក ចាន់ តារាទី កំពុងជួបទុក្ខយ៉ាងក្រៀមក្រំ ដែលពេលនេះប្អូនប្រុសពៅក្នុងគ្រួសារអ្នកនាង បានទទួលមរណភាពនាព្រឹកថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៣។


តារាសម្ដែងស្រីរូបនេះមិនបានបញ្ជាក់លម្អិតថា ប្អូនប្រុសពៅរបស់អ្នកនាងមរណភាពដោយអ្វីនោះទេ ប៉ុន្តែតាមអ្នកលេងបណ្ដាញសង្គមបានលើកឡើងថា ប្អូនប្រុសអ្នកនាងបានបាត់បង់ជីវិតដោយសារជំងឺប្រចាំកាយ ហើយធ្លាប់សម្រាកព្យាបាលនៅមន្ទីរពេទ្យឧត្តុង្គផងដែរ។
ក្នុងនោះ អ្នកនាង ចាន់ តារាទី បានរៀបរាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុកថា៖ «នាងខ្ញុំមានទុក្ខជាទំងន់ ព្រោះបានបាត់បង់ប្អូនប្រុសពៅ នាព្រឹកនេះវេលាម៉ោង ៩:១0នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ សូមអោយវិញ្ញាណក្ខ័ន្ធប្អូនប្រុសពៅបានទៅកាន់សុគតិភព! មានជាតិក្រោយសូមឱ្យបានជួបជាបងប្អូននឹងគ្នាម្តងទៀត!»។ ហើយការបង្ហោះឡើងរបស់អ្នកនាង ចាន់ តារាទី ក៏បានធ្វើឱ្យមិត្តសិល្បៈ និងមហាជនអ្នកគាំទ្រមួយចំនួនចូលរួមរំលែកទុក្ខអ្នកនាងសម្រាប់ការបាត់បង់សាច់ញាតិជាទីស្រឡាញ់។
សូមជម្រាបថា តារាសម្ដែង ចាន់ តារាទី គឺជាអ្នកសិល្បៈទី ៣ ដែលមានបាត់បង់សមាជិកគ្រួសារក្នុងខែ តុលា នេះ ក្រៅពីនេះ អ្នកនាង ស្រីអូន សម្រស់ធម្មជាតិ និងជាថៅកែផលិតកម្មរាម បានបាត់បង់ស្វាមី និងកញ្ញា ស៊ឹម ថៃ ដែលបានបាត់បង់ក្មួយប្រុសជាទីស្រឡាញ់៕


