ភ្នំពេញ ៖ បុរសជាកម្មករបើកបររថយន្តរោងចក្រម្នាក់ មិនដឹងថាមានវិប្បត្តិផ្លូវចិត្ត ឬបញ្ហាអ្វីនោះទេ ត្អូញថាឈឺក្បាល ហើយលេបថ្នាំប៉ារ៉ាអស់ចំនួន១៨គ្រាប់ រួចលោតពីលើផ្ទះជាន់ទី៣ ធ្វើអត្តឃាត បណ្តាលបែកក្បាល បាក់ជើងឆ្វេង បង្កឱ្យភ្ញាក់ផ្អើល កូណស្រីពៅទ្រហោរយំរហូតដល់គាំង ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅផ្ទះល្វែងមួយកន្លែង តាមផ្លូវបេតុង ក្នុងភូមិគោកឃ្លាង សថ្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមាន ឈ្មោះ យឿ យឿន ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរ កម្មករបើកបររថយន្តដឹកក្រណាត់រោងចក្រ ស្នាក់នៅផ្ទះកើតហេតុ ជាផ្ទះរបស់ដៅកែរោងចក្រ ហើយក៏ជាផ្ទះស្តុកក្រណាត់របស់ថែកៅផងដែរ ។ ជនរងគ្រោះមានប្រពន្ធ ឈ្មោះ ទន់ សៀម អាយុ៤៨ឆ្នាំ មុខរបរ ចុងភៅរោងចក្ររបស់ថៅកែ ស្នាក់នៅផ្ទះកើតហេតុ មានកូនចំនួន៣នាក់ ប្រុស២នាក់ ស្រី១នាក់ ស្នាក់នៅជុំគ្នាកន្លែងកើតហេតុ ដែលមានស្រុកកំណើតនៅ ភូមិត្រពាំងភ្លោះ ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង ។

បើកតាមបុរសម្នាក់ ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះបានឱ្យដឹងថា ឪពុករបស់គាត់(ជនរងគ្រោះ) បានត្អូញត្អែប្រាប់ថា ចេះតែឈឺក្បាល អស់រយៈពេល៤ថ្ងៃមកហើយ លុះមកដល់វេលាម៉ោង៧ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ឪពុកបានប្រាប់ថាឈឺក្បាលខ្លាំង ឮដូច្នោះក៏ទៅទិញទៅទិញថ្នាំប៉ារ៉ា មួយបន្ទះមាន១២គ្រាប់ និងប៉ារ៉ា MINAGINE មួយបន្ទះទៀត មាន៦គ្រាប់ (1-Panadol Extra : Paracétamole + caféine 2- MIRGINE: Paracétamole + caféine+ codéine ) ឱ្យជនរងគ្រោះលេប តែជនរងគ្រោះប្រាប់ថា ទុកសិនទៅ ហើយកូន ប្រពន្ធនាំគ្នាទៅធ្វើការរោងចក្របាត់ កូនស្រៅពៅក៏ចេញទៅរៀនដែរ លុះរហូតដល់វេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃដដែល មិនឃើញឪពុកលើកក្រណាត់ដាក់រថយន្តដឹកយកទៅដាក់នៅរោងចក្រ ក៏ទូរស័ព្ទ ចូលតែមិនលើក មិនអស់ចិត្ត តាមមកមើលដល់ផ្ទះ បាត់ឪពុក ដើរស្វែងរក ស្រាប់តែប្រទះឃើញ ដេកដួលប្រកាច់ នៅក្បែរជញ្ជាំងផ្ទះ ជ្រុងខាងត្បូង របួសបាក់ជើងស្តាំ បែក្បាល និយាយមិនរួច ចេះតែលើកដៃចង្អុលឡើងលើ ទើបដឹងថាជនរងគ្រោះលោតពីលើផ្ទះ ស្លន់ស្លោហៅបងប្អូន លើកយកទៅដាក់មុខផ្ទះ ជនរងគ្រោះស្លាប់បាត់ មិនអស់ចិត្ត ហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តសែនសុខ ចុះទៅពិនិត្យផ្ទាល់ ឃើញថាស្លាប់បាត់ទៅហើយ ទើបរាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យ ។

សាកសពត្រូវបានសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញ ចុះទៅពិនិត្យ កោសល្យវិច័យ ឃើញថាជនរងគ្រោះលេបថ្នាំអស់ទាំង១៨គ្រាប់ហើយ លោតពីលើផ្ទះបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ បាក់កស្លាប់ រួចប្រគល់ជូនក្រុមគ្រួសារ ដឹកយកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.