សិល្បៈ​ជាតិ​៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី១៩ ខែ​តុលា​ ឆ្នាំ​២០២៣​ ម្ចាស់​មកុដ​នៃ​កម្មវិធី​ Miss Supranational ​ឆ្នាំ​២០២៣​​​ ពិភព​លោក​ ​កញ្ញា Andrea Aguilera បាន​មក​ដល់​ទឹក​ដី​កម្ពុជា​។ ទស្សនកិច្ច​របស់​ស្រ្តីស្អាត​​លំដាប់​លេខ​១​ពិភពលោក​នេះ​ នឹង​ធ្វើ​ឱ្យ​ពិភពលោក​ ពិសេស​អ្នក​គាំទ្រ​កញ្ញា​ ចាប់​អារម្មណ៍​មក​​លើ​ប្រទេស​កម្ពុជា​​កាន់​តែ​ខ្លាំង​។

ឆ្នាំ​២០២៣​​ ម្ចាស់​មកុដ​ប្រចាំ​ប្រទេស​កម្ពុជា​ កញ្ញា​ លីវ ជីលី បាន​ទៅ​ទទួលស្វាគមន៍​ម្ចាស់​មកុដ​ពិភពលោក​​ដល់​​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​។ ការ​​មក​ដល់​ទឹក​ដី​អច្ឆរិយៈ​លើក​នេះ​កញ្ញា​ដ៏​ស្រស់​ស្អាត​​បាន​តុប​តែង​ឈុត​បុរាណ​ប្រពៃណី​ខ្មែរ​ និង​ថត​រូប​នៅ​ព្រះបរមរាជវាំង​ និង​វត្តភ្នំ​ ទីកន្លែង​ដំបូង​នៃ​ការ​កកើត​ទីក្រុង​ភ្នំពេញ​រាជធានី​ជា​បេះដូង​នៃ​ព្រះរាជាណាចក្រកម្ពុជា​។

រូប​ថត​ប៉ុន្មាន​សន្លឹក​របស់​ Miss Supranational 2023 គឺជាសារ​សំខាន់​បង្ហាញ​ទៅ​កាន់​ពិភពលោក​ថា​ កម្ពុជា​មាន​សុខសន្តិភាព និង​ សុវត្ថិភាព​ ជា​ពិសេស​ជា​ទឹកដី​ដែល​មាន​អរិយធម៌និង​វប្បធម៌​ចាស់ទុំ​គួរ​ជា​ទី​ចាប់​អារម្មណ៍​។ មួយ​វិញ​ទៀត​ដំណើរ​ទស្សនកិច្ច​លើក​ទី១​ របស់​បវរកញ្ញា​​ម្ចាស់​ជ័យ​លាភី​ នៃ​កម្មវិធី​កម្រិត​ពិភពលោក​ដ៏​ធំ​នៅ​កម្ពុជា​លើក​នេះ​ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ​បន្ថែម​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ពិភពលោក​ថា​កម្ពុជា​មាន​ទីតាំង​ស្អាត​ៗ​ រង់​ចាំ​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍​គ្រប់​ជាតិ​សាសន៍​ដោយ​មិន​ប្រកាន់​ពូជសាសន៍​អ្វី​ទាំង​អស់​។

ខណៈ​ដែល​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ បាន​ចាប់​ផ្ដើម​បើក​ដំណើរ​ស្វាគមន៍​ភ្ញៀវទេចរណ៍​អន្តរជាតិ​ ជា​ផ្លូវការ​ហើយ​នោះ​ ដូច្នេះ​ទស្សនកិច្ច​របស់​ស្រី​ស្អាត​លំដាប់​ពិភពលោក​​រូប​នេះ​គឺ​អាច​ចាត់​ទុក​បាន​ថា​គឺ​ទាន់​ពេលវេលា​មួយ​ល្អ​ជា​ទីបំផុត​ ជា​ពិសេស​នៅពេល​ដែល​ស្រីស្អាត​រូប​នេះ​ ធ្វើ​ដំណើរ​ទៅ​ដល់​ទឹកដី​អច្ឆរិយៈ​​និង​ថត​រូប​​ផ្សព្វផ្សាយ​ពី​ប្រាសាទ​បុរាណ​ដ៏​ល្អឯក​ អម​ដោយ​សម្រស់​​​ទេសភាព​ធម្មជាតិ​ដ៏ស្រស់​ត្រកាល​នៃ​ទឹក​ដី​អង្គរ​របស់​ប្រទេស​កម្ពុជា នឹង​កាន់​តែ​ជួយ​ជំរុញ​ឱ្យ​ភ្ញៀវ​ទេសចរណ៍​ចង់​ធ្វើ​ដំណើរ​កម្សាន្ត​មក​កាន់​ប្រទេស​កម្ពុជា​​​ថែម​មួយ​កម្រិត​​ទៀត​។​

គួរ​ដឹងថា​កញ្ញា​ Andrea Aguilera ឬ Andrea Victoria Aguilera Paredes កើត​នៅ​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០០១ គឺជាតារា​ម៉ូដែល​ជនជាតិ​អេក្វាដ័រ​ ដែល​យក​ជ័យ​ជំនះ​លើ​បេក្ខភាព​មក​ពី​បណ្ដា​ប្រទេស​ផ្សេងៗ​ក្លាយ​ជា​ម្ចាស់​មកុដ​ Miss Supranational 2023 កាល​​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០២៣​។ កញ្ញា​គឺជា​យុវនារី​ទីមួយ​ដែល​បាន​សាង​ប្រវត្តិសាស្ត្រ​ឈ្នះ​មកុដ​​​ទីមួយ​ពី​កម្មវិធី​ Miss Supranational សម្រាប់​ប្រទេស​អេក្វាឌ័រ​៕

Share.