សិល្បៈជាតិ៖ លោក ហោ សុវណ្ណគិរីដា ធ្លាប់ទទួលបានតំណែងរងលំដាប់ទី ១ នៃកម្មវិធី Mister Cambodia កាលពីឆ្នាំ ២០២១ រហូតមកដល់ឆ្នាំ ២០២៣នេះ ស្រាប់លោកវិលមកប្រកួតម្ដងទៀត ហើយទទួលបានតំណែងជាម្ចាស់ជ័យលាភីលេខ១ តែម្ដង។

កាលពីឆ្នាំ ២០២១ លោក ហោ សុវណ្ណគិរីដា បានពុះពារក្នុងការប្រកួតកម្មវិធីយ៉ាងស្វិតស្វាញ ដោយបានឆ្លងកាត់វិញ្ញាសាលំបាកៗជាច្រើន។ ក្រោយទទួលបានតំណែង 1st Runner-Up Mister Cambodia លោកក៏បានត្រូវបានក្រុមហ៊ុនចាត់តាំងឱ្យទទួលតំណែងតំណាងឱ្យប្រទេសកម្ពុជា ទៅចូលរួមប្រកួតក្នុងកម្មវិធី Mister Global Cambodia 2022 ដែលធ្វើឡើងនៅប្រទេសថៃ។
អំឡុងពេលប្រកួតនោះ ទាំងប្រទេសថៃ កម្ពុជា និងពិភពលោក គឺជួបប្រទះវិបត្តិនៃការរីករាលត្បាតជំងឺកូវីដ ១៩ ដូច្នោះហើយទើបធ្វើឱ្យឆ្លងធ្វើដំណើរឆ្លងកាត់ប្រទេសគឺមានភាពលំបាក និងត្រូវធ្វើចត្តាឡីស័ករហូតដល់ទៅ ១៤ ថ្ងៃ។ រហូតកៀកថ្ងៃប្រកួតហើយនៅតែមិនទាន់ឃើញដំណឹងពីបេក្ខភាពបុរសឯកម្ពុជារូបនេះមកបង្ហាញវត្តមានទៀត ទើបធ្វើឱ្យហ្វេនអ្នកគាំទ្រផ្អើលឆោឡោថាលោក ហោ សុវណ្ណគិរីដា បាត់ខ្លួន។ ការប្រកួតនៅប្រទេសថៃ ចាត់ទុកថា ជាបទពិសោធន៍ថ្មីៗដែលចិញ្ចឹមចិត្តឱ្យលោក វិលត្រឡប់មកប្រកួតបុរសឯកកម្ពុជាម្ដងទៀតនៅថ្ងៃណាមួយ។

មកដល់ឆ្នាំ ២០២៣ នេះ លោកបានវិលមកប្រកួតម្ដងទៀតក្នុងកម្មវិធី Mister Cambodia ប្រកបដោយជោគជ័យបំផុត ដោយលោកទទួលបានតំណែងជាម្ចាស់ជ័យលាភីលេខ ១ តែម្ដង។ ហើយលោកក៏ត្រៀមខ្លួនទៅចូលរួមប្រកួតម្ដងទៀតនៅប្រទេសជប៉ុន ក្នុងកម្មវិធី Mister International ដែលធ្វើឡើងនៅឆ្នាំក្រោយនេះ។
លោក ហោ សុវណ្ណគិរីដា បានបង្ហាញមោទកភាពចំពោះការប្រឹងប្រែងថា ៖ «បន្ទាប់ពីមានបញ្ហានៅការប្រកួតអន្តរជាតិកាលពី 2021 ខ្ញុំតែងតែចង់បានឪកាសម្តងទៀត ហើយបានរង់ចាំមកជាយូរ …ទីបំផុតយើងទទួលបានឪកាសម្តងទៀតនៅជប៉ុននៅឆ្នាំក្រោយតាមរយៈកម្មវិធី Mister International ដែលទើបតែបញ្ចប់នៅប្រទេសថៃ»។
តាមរយៈការប្រមូលបទពិសោធន៍ជាច្រើនពីវេទិកាបុរសឯកទាំងជាតិ និងអន្តរជាតិហើយនោះ មហាជនរំពឹងថា ហោ សុវណ្ណគិរីដា ប្រាកដជាដណ្ដើមបានតំណែងណាមួយពីកម្មវិធីនៅលើឆាកអន្តរជាតិឆ្នាំក្រោយជាក់ជាមិនខាន៕




