បាត់ដំបង៖ ទើបតែបែកធ្លាយចុងក្រោយនេះមានករណីកម្មករដឹករ៉ែខ្មែរម្នាក់កំពុងដឹករ៉ែត្រូវរទេះកៀបស្លាប់ក្នុងក្រុមហ៊ុនមួយ ក្នុងស្រុកភ្នំព្រឹក ជាទីតាំងដែលដាក់បំរាមតឹងតែងបំផុតហាមមិនឲ្យចូលសូម្បីអាជ្ញាធរ ឬសមត្ថកិច្ច។
ប្រភពព័ត៌មានបង្ហើបដោយសមត្ថកិច្ចបានឲ្យដឹងថា ករណីកម្មករខ្មែរស្លាប់ពេលកំពុងបំពេញការងារនេះ បានកើតឡើងតាំងពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣មកតែត្រូវបានខាងក្រុមហ៊ុនរ៉ែមាសដ៏អាថ៍កំបាំងខាងលើព្យាយាមលាក់បំបាំងរហូតដល់ថ្ងៃទី២០ ខែតុលានេះទើបលេចចេញជាព័ត៌មាន សូម្បីលោក ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក ក៏បញ្ជាក់ថា មិនមានករណីនេះដែរនៅលើតំបន់គ្រប់គ្រងរបស់ខ្លួន។

បុរសជនរងគ្រោះដែលស្លាប់មានគ្រោះឈ្មោះសៀក ម៉េង អាយុ៣០ឆ្នាំ រស់នៅភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ នៅថ្ងៃកើតហេតុជនរងគ្រោះខណ:បើកកង់បីដឹករ៉ែដូចរាល់ដងចៃដន្យរទេះបានច្រឡោតបាស់កង់នាំឲ្យបាត់ការគ្រងរួចក៏បានជ្រុលរទេះទៅបុកខ្ទប់នឹងថ្មភ្នំបណ្តាលបុរសរងគ្រោះស្លាប់តែម្តង ពេលនោះសាច់ញាតិបានដឹកយកទៅកាន់មន្ទីពេទ្យដែរតែជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
សមត្ថកិច្ចតួនាទីជាអធិការរង ក៏ដូចជាប្រជាពលរដ្ឋជាច្រើននាក់កន្លងមកធ្លាប់បានលើកឡើងថា÷ ទីតាំងក្រុមហ៊ុនរ៉ែមាស ភូយ៉ាង នេះមានសន្តិសុខយាមកាមហាមចូលដ៏តឹងរឹងបំផុតមិនចំពោះប្រជាពលរដ្ឋ អ្នកសារព័ត៌មាន សមត្ថកិច្ច មន្ត្រីជំនាញ ឬអាជ្ញាធរមូលដ្ឋានឡើយ។

ករណីដដែលនេះចុងក្រោយគ្រួសារសាច់ញាតិបានត្រឹមយកសាកសពជនរងគ្រោះទៅធ្វើបុណ្យតាមប្រពៃណី ប៉ុន្តែការរ៉ាប់រងយ៉ាងណានោះនៅមិនដឹងនៅឡើយ៕
អត្ថបទ៖ ដំបងក្រញូង
