សិល្បៈជាតិ៖ បន្ទាប់ពី​មានការ​ប្រកែក​វែកញែក​គ្នា​នៅលើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​ជាមួយ​ម្ចាស់​ស្នាដៃ​បទ​ចម្រៀង «ឱ​ភ្នំពេញ​អើយ»  ពេលនេះ​អស់​មន្ទិល​ហើយ ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បានសម្រេច​រក្សាទុក​ម្ចាស់​ស្នាដៃ​ពិត​បទ​ចម្រៀងនេះនៅ​ដដែល។

តាម​សំណេរ​រៀបរាប់​របស់​តារាចម្រៀង ខេ​លី ដែលជា​ចៅស្រី​របស់លោក កែវ ចិន្តា បាន​អះអាងថា ក្រសួង​នៅតែ​រក្សា​សិទ្ធ​ជូន​ចំពោះ​លោក កែវ ចិន្តា ជា​ម្ចាស់​ស្នាដៃ​និពន្ធ​ទំនុកច្រៀង​បទ​ចម្រៀង​នេះ​ដដែល​ដោយ​មិនមាន​ការផ្លាស់ប្ដូរ​នោះឡើយ។  

ក្នុងនោះ តារាចម្រៀង​ស្រី​រូបនេះ បាន​បង្ហោះ​សារ​យ៉ាង​ដូច្នោះ៖ «ក្រុមគ្រួសារ​នាង​ខ្ញុំ សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ដល់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប: ដែល​បាន​បំពេញ​តួនាទី ក្នង​ការរក​ដំណោះស្រាយ​បញ្ជាក់​ភាពច្បាស់លាស់​ចំពោះ​បទ​ចម្រៀង« ឱ ! ភ្នំពេញ​អើយ » ដែលជា​បទ​ឆ្លុះ​ប​ញ្ជាំ​ង​ពី​ប្រវត្តិសាស្ត្រ​ជាតិ​ល្បីល្បាញ​យូរ​ឆ្នាំ​មកហើយ ។ ជា​លទ្ធផល ក្រសួង​សម្រេច​នៅតែ​រក្សា​លំនាំ​ដើម​ដដែល​គឺ ៖ និពន្ធ​ទំនុកច្រៀង : កែវ ចិន្តា សម្រួល​បទ​ភ្លេង : ជ័យ សោភា ច្រៀង​ដោយ : អ្នកស្រី សូ ច​ន្នី។ ដោយហេតុថា បទ​នេះ​គឺជា​សមិទ្ធផល​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​តាំងពី​ឆ្នាំ១៩៧៩មក ។ ការសម្រេច​នេះ​នេះ​ខាង​ក្រុមគ្រួសារ​នាង​ខ្ញុំ​ទទួលយកបាន​ដោយ​រីករាយ  ហើយក៏​សង្ឃឹមថា ក្រសួង​នឹង​ចេញ​លិខិត​សម្រេច​ជា​ផ្លូវការឆាប់ៗនេះ ដើម្បី​ជា​ប្រយោជន៍​ក្នុងការ​រក្សា​កម្មសិទ្ធិ​បទ​នេះ​ទុកជា​របស់​គណបក្ស​ជា​រហូត»។

កន្លងមក​មានការ​លើក​ឡើង​ពី​សំណាក់​ក្រុមគ្រួសារ​លោកគ្រូ​ភ្លេង ម៉ម មិថុនា នោះ​គឺ​លោកឪពុក ម៉ម ធឿន និយាយ​ទូរស័ព្ទ​ឆ្លងឆ្លើយ​ជាមួយ​ជាងគំនូរ​កុក​ទិ​ព្ធ បាន​រៀបរាប់​ឱ្យដឹងថា បទ​ចម្រៀង​មួយ​នេះ​លោក​បាន​ដកស្រង់​ពីបទ​ភ្លេង​មហោរី ២ បទ​គឺ បទ ឡាវ​ឡឹ​ក និង​បទ​ព្យា​សុ ដោយ​លោក​ផ្ទាល់​ជា​អ្នក​ប្រគំ​ឧបករណ៍​ម៉ុង​ហ្គូ​លីន លោក ជ័យ សុភា ប្រគំ​ហ្គី​តា​សាំ  លោក អ៊ឹម ឈឿន ប្រគំ​ទ្រសោ និង​លោក ប៉ែន យ៉េន ប្រគំ​ហ្គី​តា​បាស់ ទើប​បង្កើតបាន​ស្នាដៃ​បទ​ភ្លេង​នេះ​ឡើង។ ហើយ​បទ​នេះដែរ ត្រូវបាន​លោក ម៉ម ធឿន អះអាងថា បាន​ថត​ជា​សំឡេង​នៅ​អំឡុង​ឆ្នាំ ១៩៧៩ នៅ​ប្រទេស​វៀតណាម តាមរយៈ​កាសែត​ដោយ​ប្រគល់ឱ្យ​លោកស្រី សូ ច​ន្នី ជា​អ្នកបកស្រាយ​ដំបូង​គេ​បង្អស់។ ស្នាដៃ​របស់លោក​ត្រូវបាន​ថ្នាក់ដឹកនាំ​ត្រូវការ ដើម្បី​ផ្សព្វផ្សាយ​អំពី​ចម្រៀង​ដែល​ប្រទេសជាតិ​បាន​រំដោះ​មាន​សុខ​សុ​ន្តិ​ភាព ដែល​ក្នុងពេលនោះ​លោក មាន​លោក កែវ ចិន្តា គឺជា​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​ឃោសនាការ។ អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​គឺ លោក ម៉ម ធឿន មិនបាន​និយាយ​បញ្ជាក់​នៅក្នុង​វីដេអូ​នោះ​ថា លោក​បាន​និពន្ធ​ទំនុកច្រៀង​ពិតប្រាកដ​នោះទេ ដោយ​លោក​លើកឡើង​តែ​ការនិពន្ធ​បទ​ភ្លេង​តែប៉ុណ្ណោះ។

ចំពោះ​ករណី​នេះដែរ សារព័ត៌មាន​ត្រយង ក៏បាន​សួរ​ទៅ​ភាគី​គ្រូភ្លេង ម៉ម មិថុនា ដើម្បី​បំភ្លឺ​ពី​បញ្ហា​នេះ​បន្ថែម​ដែរ ប៉ុន្តែ​លោក​បាន​ឆ្លើយតប​ថា លោក​កំពុងតែ​ដំណើរ​ការណ៍​រឿងនេះ​ជាមួយ​ខាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដោយ​លោក​សុំ​មិន​បកស្រាយ​អ្វី​ទាំងអស់។

គួរ​ដឹងថា ក្រោយពី​មានការ​ប្រជុំ​អន្តរក្រសួង​រវាង ក្រសួង​ព័ត៌មាន និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ស្ដីអំពី​កម្មសិទ្ធិបញ្ញា​នៃ​បទ​ចម្រៀង​នេះ សម្រេច​ថា បទ«ឱ​ភ្នំពេញ​អើយ» ជា​កម្ម​សិទ្ធ​របស់ គណបក្ស​ប្រជាជន​កម្ពុជា ដោយមាន លោក កែវ ចិន្តា និពន្ធ​ទំនុកច្រៀង លោក ជ័យ សោភា សម្រួល​តន្ត្រី និង​លោកស្រី សូ ច​ន្នី ជា​អ្នកចម្រៀង៕

Share.