កែប ៖ ជាមិត្តភក្តិរួមការងារ បបួលគ្នាផឹកសុីតែ២នាក់ ស្រវឹងស្រឿងៗ អស់អីក្លែម ក្លែមសម្តី ទាស់ទែងគ្នា ម្នាក់ទាញបានចបជីក វាយទៅលើគូទំនាស់ចំសៀតផ្កា បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង បង្កឱ្យភ្ញាក់ផ្អើល សមត្ថកិច្ចចុះទៅឃាត់បានជនបង្ក ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤និង៤៥នាទីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ។

ជនដៃដល់មានឈ្មោះ វុធ ម៉ៅ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករថែចម្ការ រស់នៅភូមិជ្រៃប្រឡាយ ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ ចំណែកជនរងគ្រោះមានឈ្មោះ ឃន នេន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករថែចម្ការ រស់នៅភូមិជ្រៃប្រឡាយ ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ អ្នកទាំង២ សុទ្ធតែអ្នករស់នៅក្នុងស្រុកភូមិជាមួយគ្នា ទៅស្នាក់អាស្រ័យ ធ្វើការងារជាមួយគ្នានៅកន្លែងកើតហេតុ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ ទាំង២នាក់ បបួលគ្នាទិញស្រាទៅផឹកសុី លុះដល់ស្រវឹង ក្លែមសម្តី កើតជាទំនាស់ទាស់ទែងគ្នា ជនដៃដល់ទាញបានចបជីក វាយលើជនរងគ្រោះ ចំសៀតផ្កា និងចំកញ្ចឹងក បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែង ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅ ឃាត់ខ្លួនជនសង្ស័យ នាំយកទៅសាកសួរនៅផ្នែកជំនាញ កសាងសំណុំរឿងចាត់ការតាមនីតិវិធី រីឯសពជនរងគ្រោះ ក្រោយសមត្ថកិច្ចជំនាញពិនិត្យកោសល្យវិច័យរួចប្រគល់ជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.