កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៅថ្ងៃទី២០ ខែតុលាឆ្នាំ២០២៣ បានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់ករណីឃាតកម្មគិតទុកជាមុន ករណីប្រើកាំបិតបុ័ងតោកាប់ចំពីក្រោយខ្នងជនរងគ្រោះ បណ្តាលឲ្យ ស្លាប់។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ លឿង ផល្លី ហៅ អាលិប ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ  មុខរបរ កម្មករសំណង់ ស្នាក់នៅរោងផ្សារសាមគ្គី ផ្លូវបេតុង សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សពជននារីជារងគ្រោះឈ្មោះ ជឿន ស្រីហុង ភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបំរើផ្ទះ ស្នាក់នៅលេខ១២៩ ផ្លូវE(បុរីពិភពថ្មីឈូកមាស) ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។ជនរងគ្រោះបានស្លាប់ ពេលសង្គ្រោះបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត្រ ថ្ងៃយប់ទី១៥ ខែតុលា ឆ្នាំ២០២៣ ។

សូមបញ្ជាក់ជូនថា ដោយអនុវត្តតាមបទបញ្ជាដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចភូមិអង្គសាលា ឃុំបាវិត ស្រុកចន្ទ្រា ខេត្តស្វាយរៀង ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើឃាតកម្មគិតទុកជាមុន(ប្រើកាំបិតបុ័ងតោកាប់ចំពីក្រោយខ្នង បណ្តាលឲ្យរបួសធ្ងន់ ស្លាប់) នៅចំណុចមុខបន្ទប់ដេក ជាន់ទី១ នៃផ្ទះលេខ១២៩ ផ្លូវE(បុរីពិភពថ្មីឈូកមាស) ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១៩:៤២នាទី។

ចំពោះវត្ថុតាងដែលសមត្ថកិច្ចចាប់យកបានរួមមាន៖

១-រូបថតស្នាមរបួស និងសពជនរងគ្រោះ

២-រូបភាពសកម្មភាពជនសង្ស័យក្នុងកាមេរ៉ាសុវត្ថិភាព

៣-កាំបិតបុ័ងតោ ដងឈើ ចំនួន ០១

៤-ប្រអប់ក្រដាស ចំនួន ០១

៥-ស្បែកជើងជ័រស៊ក(មានអក្សរFILA) ពណ៌ខៀវ មួយគូ

៦-មួកសុវត្ថិភាព ចំនួន ០១ ពណ៌ក្រហម-លឿង

៧-ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០០៤ ពាក់ផ្លាកលេខ កណ្តាល 1A-0213 (របស់ជនសង្ស័យ)។

សូមជម្រាបថា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ១៩:៤២នាទី អំពើឃាតកម្ម មួយបានកើតឡើងទៅលើស្ត្រីជនរងឈ្មោះ ជឿន ស្រីហុង ភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបំរើផ្ទះ ស្នាក់នៅលេខ១២៩ ផ្លូវE(បុរីពិភពថ្មីឈូកមាស) ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ស្លាប់ពេលសង្គ្រោះបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត្រ នាពេលកន្លងទៅ៕

អត្ថបទ៖ចតុមុខ

Share.