កំពង់ស្ពឺ ៖ រថយន្ត២គ្រឿងបើកបរខ្វះការប្រុងប្រយ័ត្ន ខណៈដែលបើកនៅលើផ្លូវល្បឿនលឿនជ្រុលបុកកៀរគ្នា បណ្តាលឱ្យមួយគ្រឿងក្រឡាប់ធ្លាក់ចេញពីផ្លូវ សំណាងល្អគ្រាន់តែរបួសស្រាល ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នៅលើផ្លូវល្បឿនលឿន គន្លងភ្នំពេញ-ព្រះសីហនុ ត្រង់ចំណុច K83+200 ភូមិស្រស់ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តកាមរីបាឡឬន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Y-8520 បើកពីកើតទៅលិច នៅគន្លងយឺត លុះដល់ចំណុចកើតហេតុ ប្តូរគន្លងផ្លូវមកខាងលឿនមិនបានប្រុងប្រយ័ត្ន ស្របពេលដែលរថយន្តកាមរីហាយប្រីដ កំពុងបើកលឿននៅគន្លងលឿនស្រាប់ផង ហ្វ្រាំងមិនទាន់ ជ្រុលបុកកៀរពីក្រោយ បណ្តាលឱ្យរថយន្តហាយប្រីដ ខ្ទាតទៅបុករនាំងដែក បាក់ធ្លាយក្រឡាប់ធ្លាក់ចុះពីលើផ្លូវ សំណាងល្អអ្នកបើកបររបួសស្រាល ។

ក្រោយកើតហេតុ រថយន្តទាំង២គ្រឿងត្រូវបានស្ទូចយកទៅរក្សាទុកនៅ ទីស្នាក់ការរបស់ក្រុមហ៊ុន ចំណុចកំពង់សិលា រងចាំដោះស្រាយពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ
