
ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានមានប្រសាសន៍ថា៖ «ចំពោះអត្តពលិកពិការកម្ពុជាលើ៦ប្រភេទកីឡា ដែលកំពុងត្រៀមប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម នៅប្រទេសចិន នាពេលនេះបានខិតខំប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំងក្លាដែរ ជាពិសេសគឺប្រភេទកីឡាបាល់បោះជិះរទេះនារីកម្ពុជា ត្រូវដាក់គោលដៅជាក្តីសង្ឃឹមខ្ពស់ដែរ ក្នុងការឈានដល់កម្រិតមេដាយណាមួយ ក្នុងកីឡាអាស៊ីប៉ារ៉ាហ្គេម នៅប្រទេសចិន ឆ្នាំ២០២៣នេះ»។
ឯកឧត្តម បន្តថាចំពោះប្រភេទកីឡាបាល់ទះអង្គុយបុរសកម្ពុជាក៏ត្រូវដាក់ក្តីសង្ឃឹមថានឹងទទួលបានលទ្ធផលល្អ ដូចក្រុមបាល់បោះជិះរទេះនារីដែរ។ រួមជាមួយប្រភេទកីឡាផ្សេងៗទៀតដែលបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Asian Para Games លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន។
ឯកឧត្តម បន្ថែមថា៖ «តាមរយៈព្រឹត្តិការណ៍កីឡា ក្រៅពីការប្រកួតប្រជែងមេដាយ ក៏កម្ពុជាបានចូលរួមក្នុងនាមជាប្រទេសមួយមានភាពស្មើមុខស្មើមាត់ជាមួយនឹងបណ្តាប្រទេសដទៃទៀត ធ្វើឲ្យកិត្តិស័ព្ទ កិត្តិនាមរបស់ប្រទេសកម្ពុជាយើងកាន់តែល្បីល្បាញ ការគោរពសិទ្ធិមនុស្ស លើឆាកអន្តរជាតិ»។
ឯកឧត្តម យី វាសនា បានសង្កត់ធ្ងន់ថា៖ «កម្ពុជាបានបញ្ជូនប្រតិភូកីឡាប៉ារ៉ាហ្គេមចំនួន ៦ប្រភេទកីឡា ដោយដា់ក្តីសង្ឃឹមខ្ពស់លើ២ប្រភេទកីឡាជាក្រុម គឺបាល់ទះអង្គុយបុរស និងបាល់បោះជិះរទេះនារី។ ចំណែកឯ ៤ប្រភេទកីឡាទៀតរបស់កម្ពុជា ដែលប្រកួតឯកត្តជនទៀតក៏យើងមានក្តីសង្ឃឹមថានឹងទទួលបានលទ្ធផលល្អដូចគ្នា។
ព្រឹត្តិការណ៍ Asian Para Games លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន នឹងចាប់ផ្ដើមប្រកួតនៅថ្ងៃទី១៩ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ខណ:ពិធីបើកជាផ្លូវការ នឹងធ្វើធ្វើឡើងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣៕

រូបភាព៖ AKP
