ភ្នំពេញ ៖ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣នេះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល សម្រេចបិទផ្អាកចរាចរណ៍ រថយន្តធុនធំ ដឹកទំនិញ ឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៤ជាបណ្តោះអាសន្ន ចន្លោះពីចំណុចក្លោងទ្វារវត្តអារុណវតី ភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រហូតដល់ភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល ព្រំប្រទល់ជាមួយភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ខណៈដែលកំណាត់ផ្លូវចំណុចខាងលើ ទឹកជន់លិចផ្លូវ ម្យ៉ាងទៀត កំណាត់ផ្លូវជាតិលេខ៤ តំបន់ទឹកជន់លិច ប្រឈមនឹងបែក ជង្ហុក កាន់តែជ្រៅ ។
តាមអាជ្ញាធរបានឱ្យដឹងថា ខណៈដែលសភាពទឹកនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣នេះ បានជន់លិចលើកំណាត់ផ្លូវជាតិលេខ៤ រថយន្តធុនធំ ឆ្លងកាត់ច្រើន ធ្វើឱ្យងាយបែកបាក់ ក្លាយជាជង្ហុក ជាអន្លើរ ។
បន្ទាប់ពីលើកំណាត់ផ្លូវកើតមានជង្ហុកច្រើន ជ្រៅ បង្កឱ្យងាយគ្រោះថ្នាក់ដល់អ្នកដំណើរ ពិសេសទោចក្រយានយន្ត ទើបនៅព្រឹកនេះអាជ្ញាធរសម្រេចបិទផ្អាករថយន្តធន់ធំ ដឹកទំនិញជាបណ្តោះអាសន្ន រងចាំសម្រេចជាក្រោយ ៕




អត្ថបទ៖តាតុង សែនជ័យ