សិល្បៈ​ជាតិ​៖ ធ្វើ​ដំណើរ​ជិត​ដល់​វគ្គ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​មែនទែន​ហើយ​សម្រាប់​កម្មវិធី​ប្រកួត​សម្រស់​ Miss Grand International 2023 ដែល​មាន​បេក្ខភាព​តំណាង​ប្រទេស​កម្ពុជា​ កញ្ញា ភឹម ស្រីនោ ជា​មេទ័ព​កំពុង​ប្រយុទ្ធ​យ៉ាង​ស្វិតស្វាញ​លើ​សមរភូមិ​ដ៏​ក្ដៅ​គគុក​នេះ​។ យ៉ាង​ណា​មិញ​បើ​ងាក​មក​ចាប់​អារម្មណ៍​រឿង​ដែល​ជា​មោទនភាព​បំផុត​សម្រាប់​ជាតិ​នោះ​គឺ​ «នារី​ស៊ីក្លូ​កម្ពុជា​» ដែល​ជា​ឈុត​តំណាង​ជាតិ​របស់​កម្ពុជា​នៅ​តែ​ឈាន​មុខ​គេ​ផ្នែក​ប្រជាប្រិយភាព​លើ​បណ្ដាញ​សង្គម​។

សូមអាន​៖ យុទ្ធនាការ​ឈុត​ធំ​ផ្ដួចផ្ដើម​ដោយ​ហ្វេន​ៗ​លើក​ទឹក​ចិត្ត​ ភឹម​ ស្រីនោ Miss Grand Cambodia ​ពេញ​១​សប្ដាហ៍​​រហូត​​ដល់​​​ថ្ងៃ​ប្រកួត​​​ផ្ដាច់​ព្រ័ត្រ​!

ចាប់​តាំង​ពី​ថ្ងៃ​ប្រកួត​ឈុត​តំណាង​ជាតិ​ «National Costume» កាល​ពី​ថ្ងៃ​សុក្រ​ទី​២០ ខែ​តុលា​ ឆ្នាំ​២០២៣ ហើយ​មាន​ការ​បង្ហោះ​ចែក​រំលែក​ឈុត​តំណាងជាតិ​ប្រទេស​នីមួយ​ៗ​មក​ សង្កេត​ឃើញ​ថា​ឈុត​តំណាង​ជាតិ​របស់​កម្ពុជា​ដែល​គ្រង​និង​ដើរ​បង្ហាញ​យ៉ាង​អង់អាច​ដោយ​កញ្ញា​ ភឹម ស្រីនោ (ហៅ Nano) កំពុង​តែ​ឈាន​មុខ​ឬ​នាំ​មុខ​គេ​លើ​ផ្នែក​ Like Share និង​ Comment លើ​បណ្ដាញសង្គម​ហ្វេសប៊ុក​ ដោយ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៣ ខែ​តុលា​នេះ​ រូប​ភាព​ឈុត​នារី​ស៊ីក្លូ​កម្ពុជា​ មាន​ចំនួន​ Like=130K ចំនួន​​ Share=1.2M និង​ចំនួន​ Comment=57K។

សូម​ជំរាបជូន​ថា​ឈុត​នារី​ស៊ីក្លូ​ «Cyclo Cambodia» គឺ​មាន​អត្ថន័យ​ចង់​លើក​កម្ពស់​និង​អភិរក្ស​យាន​ជំនិះ​បុរាណ​ដែល​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​របស់​ប្រជាពលរ​ដ្ឋ​ចាប់​តាំង​ពី​ឆ្នាំ​១៩៣៦​ ប៉ុន្តែ​ដោយ​សារ​តែ​បច្ចេកវិទ្យា​ទំនើប​ ​រថយន្ត​កាន់​តែ​ទំនើប​ សំណង់អគារ​កាន់​តែ​រីក​សុះសាយ​ មនុស្ស​ចាប់​ផ្ដើម​ប្រើ​ប្រាស់​យានយន្ត​ផ្សេង​ៗ​ហើយ​យាន​ជំនិះ​មួយ​នេះ​​កំពុង​ត្រូវ​បាន​ប្រជាពលរដ្ឋ​បំភ្លេច​ចោល​។ ការ​តម្លើង​ឈុត​នេះ​ឡើង​គឺ​​មាន​គោល​បំណង​ឱ្យ​មនុស្ស​ងាក​មក​ចាប់​អារម្មណ៍ពី​មធ្យោបាយ​ធ្វើ​ដំណើរ​ដ៏​ចំណាស់​មួយ​នេះ​​ ជា​ពិសេស​គឺ​ចង់​​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​បាន​ដឹង​ពី​សារៈ​ប្រយោជន៍​និង​ចង់ចាំ​ថា​​ស៊ីក្លូ​ គឺជា​ជម្រើស​ដ៏​ឆ្លាត​វៃ​សម្រាប់​ធ្វើ​ដំណើរ​ទស្សនា​ទីក្រុង​ភ្នំពេញ​។ បន្ថែម​លើស​ពី​នេះ​​ ឈុត​នេះ​គឺ​ចង់​បង្ហាញ​ពី​ពណ៌​ទង់ជាតិ​ប្រទេស​កម្ពុជា​ដោយ​បូក​បញ្ចូល​នូវ​ក្បាច់​ខ្មែរ​បុរាណ ហើយ​លាយ​បញ្ចូល​សិល្បៈ​សហសម័យ​​ ដែល​ធ្វើ​ឱ្យ​ឈុត​នេះ​កាន់​តែ​រស់​រវើក​និង​អស្ចារ្យ​ខ្លាំង​ឡើង​៕

Share.