ក្រសួងធនធានទឹកនិងឧតុនិយមជូនដំណឹងថា ប្រព័ន្ធសម្ពាធទាប ដែលកំពុងមាននៅលើឈូងសមុទ្របេងកាល (Bay of Bengal) គេរំពឹងថានឹងវិវត្តទៅជាព្យុះត្រូពិក និងខ្យល់មូសុងនិរតីនៅលើសមុទ្រអាដាំមែន (Andaman Sea) នឹងគ្របដណ្តប់លើឈូងសមុទ្រថៃ និងវិវត្តទៅជាប្រព័ន្ធសម្ពាធទាប។ ខណៈនេះ ខ្យល់មូសុងភាគខាងត្បូងនិងខាងកើត បក់នាំសំណើមក្នុងកម្រិតមធ្យម មកលើតំបន់ខ្ពង់រាប តំបន់ទំនាបកណ្តាល និងតំបន់មាត់សមុទ្រនៃព្រះរាជាណាចក្រកម្ពុជា។
បើតាមក្រសួងធនធានទឹក ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖
ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែតុលា នៅតាមបណ្ដាខេត្តមួយចំនួនក្នុងតំបន់ខ្ពង់រាបដូចជា ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី នៅតែមានភ្លៀងធ្លាក់បន្តក្នុងកម្រិតខ្សោយទៅមធ្យម គ្របដណ្តប់លើផ្ទៃដីពី ៣០% ទៅ ៥០%។
នៅរាជធានីភ្នំពេញ តំបន់មាត់សមុទ្រ និងតំបន់ទំនាបកណ្តាល នឹងមានភ្លៀងធ្លាក់នៅក្នុងកម្រិតបង្គួរ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៥០% ទៅ ៦០%។
សូមប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពនេះ ដែលអាចបង្កជាជំនន់ទឹកភ្លៀង៕
