នាថ្ងៃអាទិត្យ ទី២២ ខែតុលា ឆ្នាំ២០២៣ កាកបាទក្រហមកម្ពុជា បានចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ២.១០១គ្រួសារ រស់នៅខណ្ឌដង្កោ ខណៈគ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១៦២គ្រួសារទៀតនៅខណ្ឌកំបូល ក៏ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជារួចរាល់ដែរ ក្រោមវត្តមានលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា។

ក្នុងពិធីចុះសំណេះសំណាលសួរសុខទុក្ខ និងផ្ដល់អំណោយសម្រាលការលំបាកកាលពីព្រឹកថ្ងៃអាទិត្យ ទី២២ ខែតុលា ក៏មានការអញ្ជើញចូលរួមពី លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម រាជធានីភ្នំពេញ។

ពិធីនេះបានធ្វើឡើងនៅទីតាំងចំនួន២ គឺនៅវត្តកំពង់ក្តុល សម្រាប់ប្រជាពលរដ្ឋ ១,៥៤៨គ្រួសារ មកពីសង្កាត់សាក់សំពៅ, ព្រៃវែង, គងនយ, ទាន, ក្រាំងពង្រ និងសង្កាត់ស្ពានថ្ម និងនៅវត្តព្រែកថ្លឹង សម្រាប់ប្រជាពលរដ្ឋ ៥៥៣គ្រួសារ មកពីសង្កាត់ព្រែកកំពឹស, ជើងឯក, ដង្កោ និងសង្កាត់ព្រៃស។។
គ្រួសាររងគ្រោះនីមួយៗទទួលបាន៖ អង្ករ ២៥ គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់។ ដោយឡែក ទឹកត្រី ៦ដប, ទឹកបរិសុទ្ធ ១កេស និងថវិកា ៣ម៉ឺនរៀល ជាអំណោយរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ។

ក្នុងឱកាសនោះដែរ លោកជំទាវ ម៉ែន នារីសោភ័គ ស្រេង និងលោក ឃួង ស្រេង ក៏បាននាំយកទេយ្យទានរបស់កាកបាទក្រហមកម្ពុជា ប្រគេនដល់វត្តកំពង់ក្តុល និងវត្តព្រែកថ្លឹង ដោយវត្តនីមួយៗប្រគេនអង្ករ ១០០គីឡូក្រាម, មី ៤កេស, ត្រីខ ១កេស, ទឹកស៊ីអ៉ីវ ២យួរ, ទឹកត្រី ២យួរ, ទឹកក្រូច ៤កេស, ទឹកសុទ្ធ ៤កេស និងបច្ច័យមួយចំនួន។

ជាមួយគ្នានេះ សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងអនុសាខាខណ្ឌទាំង១៤ ក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានបង្កើនការយកចិត្តទុកដាក់ ផ្តល់នូវអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះជាបន្តបន្ទាប់ ដោយគ្មានការរើសអើង ឬ ប្រកាន់បក្សពួកឡើយ៕
