ព្រះសីហនុ៖ កម្មករខ្មែរ និងចិន ប្រមាណជាង១០នាក់ បានរងរបួសធ្ងន់ស្រាល បន្ទាប់ពីដាច់កន្ត្រកយោងពីលើអគារកាសុីណូ ជីយូនីសិន ដែលកំពុងជួសជុល នៅក្បែរវត្តក្រោម ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ កាលពីវេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ក្នុងនោះសមត្ថកិច្ចចម្រុះបានចុះធ្វើអន្តរាគមន៍ និងបាននាំខ្លួនមនុស្ស៣នាក់ដែលមើលការខុសត្រូវ យកទៅសាកសួរ។

បើតាមការត្រួតពិនិត្យជាបឋមពីសមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់នេះកើតឡើងពេលកម្មករប្រមាណជាង១០នាក់ជិះក្នុងកន្ត្រកយោងឡើងទៅជួសជុលអាគារផ្នែកខាងលើ កម្ពស់ប្រហែល១០ម៉ែត្រ បន្ទាប់មកបានដាច់ខ្សែម៉ូទ័រយោងកន្ត្រកដែលមានកម្មករទាំងជនជាតិខ្មែរនិងជនជាតិចិនជាង១០នាក់ នៅក្នុងកន្ត្រកយោងនោះ រួចធ្លាក់មកដីជាន់ក្រោម បណ្តាលឲ្យមនុស្សក្នុងកន្ត្រកយោងនោះរងរបួសខ្លះធ្ងន់ ខ្លះស្រាល។

តាមសមត្ថកិច្ចឱ្យដឹងបន្ថែមថា ជនរងគ្រោះមួយចំនួនដែលរបួសធ្ងន់ បានបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ហើយករណីនេះ សមត្ថកិច្ចបន្តដោះស្រាយជាមួយភាគីពាក់ពន្ធ័តាមនិតិវិធី។ចំពោះអត្តសញ្ញាណជនរងគ្រោះទាំងអស់កុំទាន់ត្រូវបានសមត្ថកិច្ចបង្ហាញនៅឡើយទេ៕

អត្ថបទ៖ ព្រះសីហនុ
