សិល្បៈជាតិ៖ មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ លើកទី១២ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែតុលា ដែលអ្នកស្នេហាវិស័យភាពយន្តទទួលបានឱកាសទស្សនាភាពយន្តខ្នាតខ្លីចំនួន៤៨រឿង ដែលប្រកួតប្រជែងមកពីប្រទេសជុំវិញពិភពលោក រួមទាំងកម្ពុជា។ លើសពីនោះ មហោស្រពក៏បានបន្ថែមវគ្គបច្ចេកទេសដើម្បីជំរុញដល់សមត្ថភាពយុវផលិតករកម្ពុជា។

នៅថ្ងៃសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ដែលរៀបចំដោយ គណៈកម្មការភាពយន្តកម្ពុជា (CFC) លោក ស៊ុំ ស៊ីថែន ស្ថាបនិកក្រុមភាពយន្តឈូករ័ត្ន និងជាប្រធានមហោស្រពភាពយន្តចតុមុខ បានលើកឡើងពីគោលបំណងរបស់មហោស្រពភាពយន្តខ្លីចតុមុខនៅឆ្នាំនេះថា«ឆ្នាំនេះ មហោស្រពមានលក្ខណៈពិសេសជាច្រើនចំណុច ដែលក្នុងនោះរួមមាន៖ លំនឹងនៃការដាក់រឿងក្នុងស្រុកដែល ឆ្នាំនះ មហោស្រពទទួលបានភាពយន្តខ្លីសរុបចំនួន ២២០ ចំណងជើងតែសម្រាំងតែ ៤៨ ចំណងជើងដើម្បីប្រកួត និងចាក់បង្ហាញឆ្នាំនេះ។ ជាក់ស្តែងកាលពីឆ្នាំទៅ ភាពយន្តខ្លីកម្ពុជា មាន៦៣រឿង ឆ្នាំនេះទទួលបាន៦។ ហើយទោះបីរឿងប្រឌិតខ្មែរខ្លី ក្នុងឆ្នាំមានតែ៣០រឿង តែសុទ្ធតែខ្លឹម»។
លោកបន្តថា «ពិធីបើកជំនាន់ទី១២នេះ នឹងរំលេចស្នាដៃរបស់យុវសមិទ្ធករឯករាជ្យ១រូបគឺលោក លី ប៉ូឡែន តាមរយៈភាពយន្តខ្លី របស់គាត់រឿង ឆ្ងាយដាច់អាល័យ (Further and Further Away)។ ភាពយន្តខ្លី នេះបានធ្វើដំណើរឆ្លងកាត់ច្រើនមហោស្រពភាពយន្ត នៅជុំវិញពិភពលោករួចហើយ តាំងពីបើក ចាក់ដំបូងកាលពីឆ្នាំមុន។ ជំនាន់ទី១២នេះ ពិសេសត្រង់ថាមហោស្រពសហការជាមួយដៃគូជាច្រើន ជាពិសេស ដៃគូសហគមន៍ ដើម្បីបង្កលក្ខណៈអំណោយផលដល់សមិទ្ធករ និងទស្សនិកជន ក្នុង ការទទួលបានព័ត៌មាន ក៏ដូចជាពង្រឹងសាមគ្គីភាពក្នុងវិស័យ ប្រៀបដូច «ពីធីបុណ្យ» ក្នុងភូមិស្រុក មួយដូច្នោះដែរ។»

ពីមួយឆ្នាំទៅមួយឆ្នាំ មហោស្រពភាពយន្តខ្លីចតុមុខ តែងតែទទួលបានបទពិសោធន៍ខុសៗគ្នា ហើយក្រៅពីបញ្ចាំងភាពយន្តឱ្យអ្នកស្នេហាវិស័យភាពយន្តបានទស្សនាស្នាដៃរបស់យុវផលិតករជាតិ និងអន្តរជាតិដោយសេរីហើយនោះ ខាងមហោស្រពក៏បានបន្ថែមវគ្គបច្ចេកទេសពិសេសចំនួន ២ ផ្សេងទៀត ដើម្បីឱ្យផលិករវ័យក្មេងកាន់តែទទួលបានការដុសខាត់សមត្ថភាពផលិតភាពយន្តថែមមួយកម្រិតទៀត។
លោក ស៊ុំ ស៊ីថែន លើកឡើងបន្តថាដោយសហការជាមួយហាង Camera Hut មហោស្រពឆ្នាំនេះ នឹងរៀបចំសិក្ខាសាលាមួយនៅថ្ងៃទី២៨ និង២៩ ខែតុលា ស្តីពីការប្រើគ្រឿងភ្លើងម៉ាកAMARAN ក្នុងការថត។ ហើយ សិក្ខាសាលាមួយទៀត នៅថ្ងៃទី៣០ ខែតុលា ស្តីពីបច្ចេកទេសថតដែលទាក់ទាញ ដោយលោក David Tito ដែលជាជយលាភីឆ្នាំ២០២។
គួរដឹងថា ពានរង្វាន់នៅក្នុងឆ្នាំនេះច្រើនជាងឆ្នាំមុនៗ សរុបដល់ទៅ ៩រួមមាន៖ ភាពយន្តខ្លីកម្ពុជាល្អបំផុត – ១ ០០០ដុល្លារ និងពាន។ ភាពយន្តខ្លីកម្ពុជាល្អបន្ទាប់ – ៥០០ដុល្លារ និងពាន។ ភាពយន្តខ្លីអន្តរជាតិល្អបំផុត – ៣០០ដុល្លារ និងពាន។ រង្វាន់ទស្សនិកជន ដល់ភាពយន្តខ្លីក្នុងស្រុក – ៣០០ ដុល្លារ និងលិខិតសសើរ។ រង្វាន់ទស្សនិកជន ដល់ភាពយន្តខ្លីអន្តរជាតិ – លិខិតសសើរ។ ចំណារលើកទឹកចិត្តពីមេប្រយោគកម្ពុជា (Cambodian Special Jury Mention) – លិខិតសសើរ។ ចំណារលើកទឹកចិត្តពីមេប្រយោគអន្តរជាតិ (International Special Jury Mention) – លិខិតសសើរ។ រង្វាន់ឧបករណ៌ភ្លើងដល់ជយលាភីមហោស្រព និងរង្វាន់ឧបករណ៌ភ្លើងដល់ក្រុមឆ្នើមរបស់សិក្ខាសាលាប្រើភ្លើងពីAMARAN។
សូមជម្រាបថា មហោស្រពភាពយន្តខ្លីចតុមុខ នឹងធ្វើឡើង ៤ថ្ងៃជាប់ៗគ្នា ដែលក្នុងនោះមានកម្មវិធីបើក និងបិទមហោស្រពផងដែរ។ សម្រាប់អ្នកគាំទ្រដែលមានបំណងចិត្តចង់លើកទឹកចិត្តយុវផលិតករ និងចង់ចូលរួមទស្សនារាល់រឿងខ្លីជាប់ជម្រើសទាំងអស់នោះបាននៅតាមរោង ភាពយន្ត ដូចជា Legend Cinema – Olympia Mall, K-Mall, SenSok Mega Mall, Major Cineplex – Sorya និង Cine Hub៕
