ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចបវរធិបតីហ៊ុន ម៉ាណែតបានជំរុញឲ្យក្រសួងសុខាភិបាល យកចិត្តទុកដាក់ក្នុងការលើកកម្ពស់ គុណភាពសេវាសុខាភិបាល នៅថ្នាក់ក្រោមជាតិ ជាពិសេសពង្រឹងមណ្ឌលសុខភាព និងពេទ្យបង្អែក ផ្តល់សេវាមូលដ្ឋានជូនពលរដ្ឋ ក៏ដូចជាពង្រឹងមន្ទីរពេទ្យខេត្ត ឱ្យក្លាយទៅជាមន្ទីរពេទ្យឈានមុខ ដែលមានសមត្ថភាពខ្ពស់ សមមូលនឹងមន្ទីរពេទ្យនៅរាជធានីភ្នំពេញ នៅក្នុងការពិនិត្យ និងព្យាបាលជំងឺ និងផ្តល់សេវាសុខាភិបាលនានា សំដៅបង្កើនប្រសិទ្ធភាព នៃការផ្តល់សេវាសុខាភិបាលផង និងកាត់បន្ថយ ចំណាយក្នុងការមកទទួលសេវាសុខាភិបាល របស់ប្រជាជនផង។
ការជំរុញរបស់សម្តេចប្រមុខរាជរដ្ឋាភិបាលនេះ ធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣ពេល អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺ «ការពង្រីកវិសាលភាពមូលនិធិសមធម៌ ដល់គ្រួសារងាយរងហានិភ័យ»របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភានេះ។

ក្នុងនោះដែរ សម្តេចបានណែនាំឲ្យក្រសួងសុខាភិបាល ត្រូវពង្រឹងឱ្យបានជាអតិបរមា នូវយន្តការផ្តល់សេវាសុខាភិបាលទាំងរដ្ឋ និងឯកជន ក៏ដូចជាពង្រឹងការបណ្តុះបណ្តាលជំនាញទាំងផ្នែកសុខាភិបាល និងជំនាញទន់។ សម្តេចសូមលើកទឹកចិត្ត ដល់មន្រ្តីសុខាភិបាល គ្រូពេទ្យ និងបុគ្គលថែទាំវេជ្ជសាស្ត្រទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ខ្ពស់ ជាពិសេស ការធ្វើអទិភាវូបនីយកម្មលើការសង្គ្រោះជីវិតមនុស្សលើពីអ្វីៗទាំងអស់ ហើយប្រកាន់ខ្ជាប់ នូវក្រមសីលធម៌អាជីព ព្រោះថាអាជីពជាចម្បងរបស់អ្នកទាំងអស់ គឺការសង្គ្រោះជីវិតប្រជាពលរដ្ឋទូទៅ ដែលតម្រូវឱ្យមានការព្យាបាលប្រកបដោយទឹកចិត្តបរិសុទ្ធ គោរពស្រលាញ់អ្នកជំងឺ និងអ្នកជំងឺសុខាភិបាល ដូចជាសមាជិកក្រុមគ្រួសាររបស់ខ្លួន។
ជាមួយគ្នានេះ សម្តេចសង្កត់ធ្ងន់ថា ក្រសួងសុខាភិបាល ត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងពាណិជ្ជកម្ម ក្រសួងមហាផ្ទៃ ក្រសួងអប់រំយុវជន និងកីឡា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏ដូចជា ក្រសួងស្ថាប័នពាក់ព័ន្ធដទៃទៀត រួមគ្នាកំណត់សកម្មភាពជាក់លាក់ដើម្បីទប់ស្កាត់ និងពង្រឹងការគ្រប់គ្រង ការផលិត ការកែច្នៃ ការនាំចូលម្ហូបអាហារ និងថ្នាំសង្កូវ ដែលមានផលប៉ះពាល់អវិជ្ជមានដល់ប្រជាជនយើង។ យន្តការអន្តរក្រសួងនេះ ក៏ត្រូវជំរុញការផ្សព្វផ្សាយ និងការអប់រំលើម្ហូបអាហារ គ្រឿងបរិភោគ ដែលប៉ះពាល់ ជាអវិជ្ជមានទាំងនោះ ព្រោះយើងមិនចង់សុខភាពប្រជាពលរដ្ឋរបស់យើង រងផលប៉ះពាល់ ដោយសារម្ហូបអាហារ និងថ្នាំសង្កូវនោះទេ។

សូមរំលឹកថា មន្ទីរពេទ្យ «តេជោសន្តិភាព» គឺជាមន្ទីពេទ្យដ៏ធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ដែលបានចាប់ផ្តើមសាងសង់ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ដោយក្រុមហ៊ុន ស៊ីជេអ៉ីស៊ី CJEC co,Ltd សហការជាមួយសាលារាជធានីភ្នំពេញ នៅលើផ្ទៃដីប្រមាណ ៧.៥៨ហិកតា ជាប់វិថីឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ មន្ទីរពេទ្យជាតិនេះ មានគ្រែសរុបទាំងអស់ចំនួន ៩,៤៩៦គ្រែ ក្នុងនោះគ្រែសម្រាកព្យាបាលសម្រាប់អ្នកជំងឺមានចំនួនសរុប ៩,២៤៤គ្រែ គ្រែសម្រាប់គ្រូពេទ្យប្រចាំការចំនួន ៤៦គ្រែ និងគ្រែសម្រាប់បុគ្គលិកស្នាក់នៅចំនួន២០៦គ្រែ។

មន្ទីរពេទ្យជាតិតេជោសន្ដិភាព មានចំនួន១១អគារ ដែលមានអគារព្យាបាល និងសង្គ្រោះបន្ទាន់ (E) មានទំហំ ៧,៤៨០ ម៉ែត្រការ៉េ, អគារព្យាបាលកម្រិតធ្ងន់ (H1 និង H2) មានគ្រែសរុបចំនួន៥២៧គ្រែ, អគារព្យាបាលកម្រិតស្រាល (H3,H4,H5, H6 និង H7), អគារបច្ចេកទេស(T1), អគារបច្ចេកទេស (T2), អគារផ្គត់ផ្គង់ និងព័ត៌មាន (A) មានទំហំ២,៨៣៥ ម៉ែត្រការ៉េ, អគារស្នាក់នៅសម្រាប់បុគ្គលិក (S) មានគ្រែសរុបចំនួន ២៣៤ គ្រែ។ ចំណតរថយន្តមានផ្ទៃក្រឡា ៧,០២៦ ម៉ែត្រការ៉េ ដែលអាចចត រថយន្តបានចំនួន ២១០ គ្រឿង មានសួនច្បារព័ណ៌បៃតងទំហំ ៤,៤៩០ ម៉ែត្រការ៉េផងដែរ៕

