ភ្នំពេញ៖ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២២ខែតុលាឆ្នាំ២០២៣ បានសម្រេចឃុំខ្លួនជនត្រូវចោទឈ្មោះ លឿង ផល្លី ហៅ អាលិប  ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទឃាតកម្មគិតទុកជាមុនដោយប្រើកាំបិតបុ័ងតោកាប់ចំពីក្រោយខ្នង បណ្តាលឲ្យអតីតសង្សារ ស្លាប់។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ លឿង ផល្លី ហៅ អាលិប ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ  មុខរបរ កម្មករសំណង់ ស្នាក់នៅរោងផ្សារសាមគ្គី ផ្លូវបេតុង សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ(ឃាត់ខ្លួន គ្មានសារធាតុញៀន)។

ជនសង្ស័យត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានស្រាវជ្រាវឃាត់ នៅចំណុចភូមិអង្គសាលា ឃុំបាវិត ស្រុកចន្ទ្រា ខេត្តស្វាយរៀង ពាក់ព័ន្ធប្រព្រឹត្តបទល្មើស៖ អំពើឃាតកម្មគិតទុកជាមុន(ប្រើកាំបិតបុ័ងតោកាប់ចំពីក្រោយខ្នង បណ្តាលឲ្យរបួសធ្ងន់ ស្លាប់) នៅចំណុចមុខបន្ទប់ដេក ជាន់ទី១ នៃផ្ទះលេខ១២៩ ផ្លូវE(បុរីពិភពថ្មីឈូកមាស) ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១៩:៤២នាទី(ម៉ោងក្នុងកាមេរ៉ាសុវត្ថិភាព) ។

សពជនរងគ្រោះឈ្មោះ ជឿន ស្រីហុង ភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបំរើផ្ទះ ស្នាក់នៅ លេខ ១២៩ ផ្លូវE(បុរីពិភពថ្មីឈូកមាស) ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (ស្លាប់ ពេលសង្គ្រោះបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត្រ ថ្ងៃយប់ទី១៥ ខែតុលា ឆ្នាំ២០២៣) ។

សូមជម្រាបថា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ១៩:៤២នាទី អំពើឃាតកម្ម មួយបានកើតឡើងទៅលើស្ត្រីជនរងឈ្មោះ ជឿន ស្រីហុង ភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបំរើផ្ទះ ស្នាក់នៅលេខ១២៩ ផ្លូវE(បុរីពិភពថ្មីឈូកមាស) ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ស្លាប់ពេលសង្គ្រោះបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត្រ៕

អត្ថបទ៖ចតុមុខ

Share.