ប្រទេសចិនបានដក លោក Li Shangfu ចេញពីតំណែងជារដ្ឋមន្ត្រីការពារជាតិ និងជាទីប្រឹក្សារដ្ឋកាលពីថ្ងៃអង្គារ ដែលជាការទម្លាក់មេដឹកនាំជាន់ខ្ពស់ជាលើកទី២ ក្នុងរយៈពេល៣ខែចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣។

កាលពីខែកក្កដា កន្លងទៅ ប្រទេសចិន បានដកតំណែងលោក Qin Gang ចេញពីតំណែងជារដ្ឋមន្រ្តីការបរទេស ខណៈកាលពីថ្ងៃអង្គារថ្មីៗ លោកក៏ត្រូវបានដកតំណែងទីប្រឹក្សារដ្ឋផងដែរ។

ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា សមាជិកសភាកំពូលរបស់ប្រទេសចិន បានអនុម័តលើការដកចេញបុរសទាំងពីរនេះ។ ការបញ្ចប់តំណែងរបស់លោក Li នាំឲ្យប្រទេសចិន ត្រូវគ្មានរដ្ឋមន្ត្រីការពារជាតិ ខណៈខ្លួននឹងរៀបចំទទួលមន្ត្រីការពារជាតិបរទេសនៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី២៩-៣១ ខែតុលា ក្នុងសប្តាហ៍នេះ។
ទោះបីជាយ៉ាងណាក៏ដោយ គ្មានការពន្យល់ច្បាស់លាស់ណាមួយ ត្រូវបានផ្តល់ឲ្យជុំវិញការបញ្ចប់តួនាទីរបស់លោកទេ ហើយក៏មិនទាន់មានការប្រកាសអ្នកមកជំនួសតំណែងគាត់ដែរ។

យោងតាមទូរទស្សន៍ CCTV បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លោក Wang Zhigang និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ Liu Kun ក៏ត្រូវបានដកចេញពីមុខតំណែងផងដែរ។
ការបណ្ដេញចេញពីតំណែងរបស់លោក Qin និងលោក Li មិនមែនជារឿងល្អប្រសើរក្រោមការដឹកនាំរបស់លោក Xi Jinping ទេ ព្រោះការដកតំណែងនេះបង្ហាញថា ប្រទេសចិនបានជ្រើសរើសមនុស្សខុស នេះបើតាមការឱ្យដឹងពីសមាជិកជាន់ខ្ពស់ និងជានាយកកម្មវិធីចិននៅមជ្ឈមណ្ឌល Stimson ក្នុងទីក្រុង Washington ប្រាប់ទីភ្នាក់ងារ AFP។
សូមជម្រាបថា លោក Li Shangfu អាយុ ៦៥ឆ្នាំរូបនេះ បានបណ្ដេញចេញពីតំណែង ពីរខែក្រោយពេលលោកបាត់មុខពីក្រសែភ្នែកសាធារណជន នៅពេលដែលលោកមិនបានចូលរួមកិច្ចប្រជុំមួយនៅប្រទេសវៀតណាម៕
