សិល្បៈជាតិ៖ កម្មវិធីប្រកួតសម្រស់ Miss Glamour Look បានលេចរូបរាងជាផ្លូវការនៅក្នុងប្រទេសកម្ពុជា ដោយស្នាដៃរបស់កូនខ្មែរ ២ រូបបានរួមគ្នាពួតដៃគ្នាយ៉ាងរឹងមាំ ដើម្បីបំពេញបេសកកម្មស្វែងរកស្រីស្អាតមួយរូបតំណាងឱ្យកម្ពុជាទៅចូលរួមប្រកួតនៅប្រទេសហ្វីលីពីន។

Miss Glamour Look Cambodia 2023 ត្រូវបានរៀបចំឡើងដោយមានការសហការរវាងលោក យុន វុទ្ធី (អេរិច) ម្ចាស់ហាងលក់សំលៀកបំពាក់បុរសនារី ឌីអាណូ (DIANO) ដែលជា National Director និងលោក ង៉ែត សុវណ្ណថៃ អគ្គនាយក ក្រុមហ៊ុន ដិត ដាម Media Solution ទទួលបានសិទ្ធិក្នុងការរៀបចំការប្រកួត។
កម្មវិធីប្រកួតសម្រស់មួយនេះត្រូវបានបង្កើតឡើងដំបូងដោយប្រទេសហ្វីលីពីន នៅឆ្នាំ២០២០ ក្នុងគោលបំណងលើកកម្ពស់តម្លៃ និងការពារសិទ្ធិរបស់ស្ត្រី លុបបំបាត់អំពើហឹង្សាក្នុងគ្រួសារទៅលើស្ត្រី ក្រោមពាក្យស្លោក(WOMAN EMPOWERMANT FOR BEAUTY & DIVERSITY) ហើយនេះក៏ជាលើកទី១ សម្រាប់ប្រទេសកម្ពុជា ដើម្បីជ្រើសរើសបេក្ខនារីតំណាងប្រទេសកម្ពុជា ទៅចូលរួមប្រកួត Miss Glamour look international 4th Edition នាថ្ងៃទី៣ ខែ ធ្នូខាងមុខនេះ នៅប្រទេសហ្វីលីពីន។

គួរដឹងថា បេក្ខនារីដែលបានឆ្លងកាត់វគ្គជម្រុះចាប់តាំងពីវគ្គជម្រុះដំបូង មកដល់ការប្រកួតរាត្រីគ្រងមកុដ មានសរុប ១០ រូប ដែលជាបេក្ខនារីកំពូលទាំង១០ នៃកម្មវិធី ឬ Top 10។ កាលបរិច្ឆេតការប្រកួតរាត្រីគ្រងមកុដ នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៦ ល្ងាចតទៅ នៅ ផ្សារទំនើប Olympia Mall ជាន់ផ្ទាល់ដី ដោយមានការចូលរួមពីសំណាក់ផលិតករល្បី តារាចម្រៀងល្បីៗ និងតារាសម្តែងល្បីៗជាច្រើនរូប រួមទាំងសមាគមន៍ម្ចាស់អាជីកម្មធំៗប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ៕




